ភ្នំពេញ៖ អាជ្ញាធរស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានឃាត់ រថយន្ត២គ្រឿង នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ ប៉ុន្តែបានប្រទះ ឃើញព្រះសង្ឃ២អង្គ គួរឲ្យសង្ស័យ ក៏បាននិមន្តមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី។
ព្រះសង្ឃ២អង្គ មានព្រះនាម៖
១-ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
២-ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រោយសួរនាំកម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងដូចជា៖ស្រាបៀរចំនួន ៥ កំប៉ុង -តេឡេបញ្ជារ ១ គ្រាប់ -ចានអាប៉ោង១ -គ្រាប់អាប៉ោងចំនួន ៤ គ្រាប់ -ខោអាវចំនួន ១០ កំប្លេ -ឯកសណ្ឋាននគរបាលមួយឈុត។
បន្ទាប់មកព្រះសង្ឃទាំងពីរអង្គ ត្រូវនិមន្តទៅវត្តព្រះលេខាមេគណខេត្ត ដើម្បីធ្វើតាមវិន័យពុទ្ធសាសនា និងបន្តទទួលទោសតាមនិតិវិធីច្បាប់រដ្ឋ៕