ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ៖រដ្ឋាភិបាល គួររៀបចំទីតាំង លក់បន្លែ និងគ្រឿងបរិភោគផ្សេងៗ ឲ្យមានបរិយាកាសទូលាយ

ភ្នំពេញ៖ ក្រោយសង្កេតឃើញ ការចម្លងជំងឺកូវីដ១៩ភាគច្រើន ផ្ទុះនៅតាមផ្សារនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា ចំពោះការទិញបន្លែ និងគ្រឿងបរិភោគផ្សេងៗ រដ្ឋាភិបាល គួររៀបចំទីតាំងលក់ ដែលមានបរិយាកាសទូលាយ ហើយរៀបចំគម្លាតអ្នកលក់ ឲ្យបានយ៉ាងតិច២ម៉ែត្រពីគ្នា ដើម្បីកុំឲ្យមនុស្សប្រជ្រៀតគ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា«ចំពោះការទិញបន្លែ និងគ្រឿងបរិភោគផ្សេងៗ រដ្ឋាភិបាល គួររៀបចំទីតាំងលក់ ដែលមានបរិយាកាសទូលាយ ហើយរៀបចំគម្លាត អ្នកលក់ឲ្យបានយ៉ាងតិច2m ពីគ្នាដើម្បីកុំឲ្យមនុស្ស ប្រជ្រៀតគ្នាចុងក្រោយ សូមបងប្អូនជនរួមជាតិ រួមគ្នាកម្ចាត់ នូវមេរោគCOVID-19ទាំងអស់គ្នា»។

ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា មេរោគCOVID-19 កំពុងផ្ទុះតាមផ្សារ និងរោងចក្រកាត់ដេរ ព្រមទាំងសហគ្រាសនានា ដូច្នេះគួរបិទគ្រប់កន្លែង ទាំងនោះ14ថ្ងៃដែរទៅ ដើម្បីកាត់ផ្តាច់ មេរោគCOVID-19 និងទប់សភាពការណ៍បច្ចុប្បន្ននេះ ។

ប្រធានគណបក្សយុវជនកម្ពុជា បានបន្ថែមថា«តាមសង្កេតមើល អ្នកកើតមេរោគ COVID-19 គឺកំពុងផ្ទុះតាមផ្សារ និងរោងចក្រកាត់ដេរ ព្រមទាំងសហគ្រាសនានា ដូច្នេះគួរបិទគ្រប់កន្លែងទាំងនោះ 14ថ្ងៃដែរទៅ ដើម្បីកាត់ផ្តាច់មេរោគCOVID-19 និងទប់សភាពការណ៍បច្ចុប្បន្ននេះ»។

សូមរំលឹកថា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្ត តែមួយ ដែលត្រូវបានបិទខ្ទប់៕

To Top