ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យអភិបាលខណ្ឌទាំង១៤ តាមដានរាល់សកម្មភាព និងការដង្ហើយរកជំនួយ របស់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព កំពុងជួបការខ្វះខាតស្បៀងអាហារ ក្នុងអំឡុង ពេលបិទខ្ទប់ដោយឱ្យយកអង្ករ ក្នុង១ខណ្ឌ១០តោន សរុប១៤០តោន ទុកដោះស្រាយបញ្ហា។

លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១តាមបណ្តាញតេឡេក្រាមថា “ខ្ញុំនឹងដាក់អង្ករគ្រប់ខណ្ឌទាំងអស់ ជូនដល់អភិបាលខណ្ឌ ដើម្បីទុកសម្រេចធ្វើការ ឲ្យទាន់ហេតុការណ៍ ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាត ស្បៀងអាហារ” ។
អភិបាលរាជធានី បានឲ្យអភិបាលខណ្ឌទាំង១៤ មក បើកអង្ករក្នុង១ខណ្ឌ១០តោន សរុប១៤០តោនជា អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន យកទៅទុក នៅក្នុងខណ្ឌរៀងៗខ្លួន ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តាមដានឲ្យជាប់នូវទីតាំងរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះស្បៀងអាហារ និងកំពុងត្រូវការជំនួយ ដើម្បីដោះស្រាយបានភ្លាមៗ និងទាន់សភាពការណ៍ផងដែរ៕
