ព័ត៌មានជាតិ

ក្រុមអង្គការ សង្គមស៊ីវិល អំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការរំលោភ បំពានផ្លូវភេទ និងអំពើហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់ (Video)

ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និង មន្ត្រីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ សូមមេត្តាបង្កើន យកចិត្តទុកដាក់ ការពារ និងផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីករណី នៃការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើ ស្រ្តី កុមារ និងក្រុមអ្នកស្រលាញ់ភេទ ដូចគ្នា ដែលអាចកើតមានឡើង នៅក្នុងអំឡុងពេល នៃការធ្វើចត្តាលីស័ក រយៈពេល១៤ ថ្ងៃ និងនៅតំបន់បិទខ្ទប់ ។

យោងតាមសេចក្ដីអំពាវនាវរួម របស់ក្រុមអង្គការសង្គមស៊ីវិល ចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា យើងខ្ញុំជាអង្គការ សង្គមស៊ីវិល មានក្តីបារម្ភ នៅពេលដែលប្រទេសកម្ពុជា រងនូវវិបត្តិនៃការឆ្លង រីករាលដាលយ៉ាងលឿន នៃជំងឺកូវីដ ១៩ ។ ប្រជាជនទាំងអស់ ត្រូវបានស្នើសុំឲ្យអនុវត្តវិធានការ “៣ការពារ ៣កុំ” និងព្យាយាមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មាន ករណីចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

នៅថ្ងៃទី០៩ ខែមេសា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ តំបន់មួយចំនួន នៅក្នុងខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងសម្រេចបិទខ្ទប់ ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ ទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ ។ ចំណាត់ការនេះ បានបន្តអនុវត្តនៅសង្កាត់មួយចំនួន នៅក្រុងសៀមរាបផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំទីតាំង សម្រាប់ធ្វើចត្តាឡីស័ករួម នៅតាមតំបន់ ផ្សេងៗ នៅតាមខេត្ត និងនៅទីក្រុងភ្នំពេញ។ តួយ៉ាងការរៀបចំ ទីតាំង សម្រាប់ធ្វើចត្តាឡីស័ករួម សម្រាប់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អ៊ឹម ធូ (AM2) ចំនួន ៤៥៧នាក់ នៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ទីកន្លែង សម្រាកព្យាបាល អ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅក្នុងទីតាំងវិទ្យាល័យ ជា ស៊ីមសាមគ្គី និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌល ពិពណ៌កោះពេជ្រជាដើម ។

ជាការពិតណាស់ ការធ្វើចត្តាឡីស័ក គឺ មានការ ចំបាច់នៅ ក្នុងការកាត់បន្ថយ និងទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩ ប៉ុន្តែការណ៍នេះ ក៏មានការប្រឈម នឹងផលវិបាកខាងផ្លូវចិត្ត និងផលរំខាន នៃសង្គមផងដែរ ។ នៅក្នុងស្ថានភាពនេះគេហៅថា ជាស្ថានភាពប្រតិកម្ម នៃការធ្វើចត្តាឡីស័ក ដែលនៅក្នុងនោះអាចរាប់បញ្ចូល ទាំងករណីនៃការកើនឡើង នៃអំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវ ភេទជាដើម ។
យោងតាមបទពិសោធន៍ នៃប្រទេសជាច្រើន ដែលជួបនឹងការរាតត្បាតធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ នេះបានបង្ហាញឲ្យឃើញថា មានកត្តាមួយចំនួន ដែលជំរុញបន្ថែមធ្វើឲ្យ មានការកើនឡើងនូវអំពើ ហិង្សា និងការបៀតបៀន ផ្លូវភេទនេះ ដូចជាភាពមិននឹងនរ នៃសេដ្ឋកិច្ចគ្រួសារ របៀបនៃការរស់នៅបែបថ្មី ដែលទាមទារឲ្យមានការបន្ស៊ាំខ្លួន យូរ ដែលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងឱកាសអំណោយផល ក្នុងការប្រព្រឹត្តិនៅក្នុងតំបន់ ឬទីតាំងធ្វើ ចត្តាឡីស័ក ឬទីតាំងសម្រាកព្យាបាល រួមឬតំបន់បិទខ្ទប់ ដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងតែមានភាពមមាញឹក ក្នុងក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍ ប្រឆាំង នឹងជំងឺកូវីដ ១៩ ជាដើម ។
ស្ត្រី កុមារ និងក្រុមអ្នកប្តូរយេនឌ័រ/ភេទ គឺជាក្រុមដែលចាត់ទុកថា ងាយរងគ្រោះជាងគេនៅក្នុងអំឡុងពេល នៃការរាតត្បាតនេះ ។ កម្រិតនៃភាពតានតឹងផ្លូវចិត្តរបស់ឳពុកម្តាយ បាននាំមកនៅការប្រើប្រាស់អំពើហិង្សាផ្លូវកាយ និងការមិនយកចិត្តទុក ដាក់ថែរក្សាកុមារ ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើការលើការជួយគាំទ្រកុមារ ក៏អាចនឹងត្រូវបានកំណត់នូវ ដែននៃកិច្ចអន្តរាគម របស់ពួកគេ ក្នុង អំឡុងពេលនេះដែរ ។ ចំណែកឯកុមារ ក៏ប្រឈមមុខនឹងសម្ពាធផ្លូវចិត្ត ភាពធុញថប់នៅពេល ដែលពួកគេមិនអាចចេញក្រៅផ្ទះ និងរៀនសូត្រដូចពេលមុន។ រីឯស្ត្រី ត្រូវបានបង្កើនពេលវេលា របស់ខ្លួនទទួលបន្ទុក ក្នុងការមើលថែទាំគ្រួសារ ការប្រឈមនឹងសម្ពាធផ្លូវចិត្ត កម្រិតនៃការទទួលរង អំពើហិង្សាកើនឡើង ពីសំណាក់ដៃគូរ ស្និទ្ធិស្នាល នៅក្នុង រយៈពេលដែលមិនអាចដើរ ចេញក្រៅផ្ទះបាននិងការស្វែងរកប្រាក់ចំណូល សម្រាប់គ្រួសារ ជាដើម ។ ស្ត្រី និងកុមារក៏ប្រឈម នឹងហានិភ័យខ្ពស់ នៃការបៀតបៀនផ្លូវភេទ ការរំលោភបំពាន នៅពេលដែលពួកគេស្ថិត នៅទីតាំង នៃការបិទខ្ទប់ និងទីតាំង ធ្វើចត្តាឡីស័ក ឬកន្លែងសម្រាកព្យាបាលរួម ដែលអំណោយផល ដល់អ្នកប្រព្រឹត្តិ ខណៈដែលការយល់ដឹង អំពីការបៀតបៀនផ្លូវភេទ ឫការរំលោភបំពាន និងការផ្តល់កិច្ចអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត។ ចំណែកឯក្រុមអ្នកប្តូរយេនឌ័រ/ភេទ អាចទទួលរងនូវការមាក់ងាយធ្ងន់ធ្ងរជាងមុននៅពេលដែលគាត់ស្ថិតនៅក្នុងតំបន់ទីតាំងធ្វើ ចត្តាឡីស័ករួមឬកន្លែង សម្រាកព្យាបាលរួមនេះ ។
អាស្រ័យដូចបានជម្រាប ជូនខាងលើ យើងខ្ញុំជាអង្គការ សង្គមស៊ីវិល សូមអំពាវនាវដល់រាជរដ្ឋាភិ- បាល ថ្នាក់ដឹកនាំមានសមត្ថកិច្ច និងមន្ត្រី ទទួលបន្ទុកទាំងអស់មេត្តា បន្ថែមការយកចិត្តទុកដាក់ និងការពារ ទប់ស្កាត់ការបៀតបៀន ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាប្រឆាំងនឹងយេនឌ័រ តាមរយៈ ៖
✔️ ចាត់ទុកការគាំទ្រ លើការទប់ស្កាត់អំពើហិង្សា ប្រឆាំងនឹងយេនឌ័រ និងសេវាជួយសង្គ្រោះ ជនរងគ្រោះ ដោយអំពើហិង្សា ជាអទិភាព មួយក្នុងចំណោមអទិភាពផ្សេងទៀត នៃប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេសក្នុង តំបន់ចត្តាឡីស័ករួម និងតំបន់បិទខ្ទប់។ ការណ៍នេះគឺរាប់បញ្ចូល ទាំងការដាក់ចេញនៅបទបញ្ជា ក្នុងការការពារ និងការសម្រេចខាងរដ្ឋបាលដើម្បីស្វែងរក និងផ្តល់ទីតាំង ដែលមានសុវត្ថិភាព សម្រាប់ស្រ្តី និងកុមារនៅពេល ដែលផ្ទះរបស់ពួកគេមិនមាន សុវត្ថិភាពក្នុងការធ្វើចត្តាឡីស័ក ។
✔️ លើកកម្ពស់បន្ថែម ក្នុងការដាក់បញ្ចូលសារផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សា ការរើសអើង និងការមាក់ងាយផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលបង្ហាញថា អំពើហិង្សាគ្រប់ទម្រង់ គឺមិនអាចអត់ឱនឱ្យបានជាដាច់ខាត ហើយអ្នកប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់។
✔️ បន្តធានាឱ្យមានទីធ្លាសុវត្ថិភាព និងឯកជនភាពគ្រប់គ្រាន់ សម្រាប់ប្រជាជនទាំងអស់ នៅតាមទីតាំងធ្វើចត្តាឡីស័ករួម ឲ្យមានភាពដាច់ដោយឡែក ដូចជាកន្លែងគេង ដែលកំណត់សម្រាប់ស្ត្រីបុរសម្នាក់ៗ ឬក្រុមគ្រួសារ ។
✔️ ធវើការផ្សព្វផ្សាយរួមគ្នា ដើម្បីលុបបំបាត់ការរើសអើង ការមាក់ងាយ និងឧបសគ្គដែលនាំឲ្យស្ត្រី មិនព្រមរាយការណ៍ពីករណី ដែលកើតមានឡើងចំពោះខ្លួនឯង។
✔️ បង្កើតវិធីសាស្ត្រថ្មីៗ ក្នងការបង្កើនការគាំទ្រនានា ដែលអាចជួយទប់ស្កាត់អំពើហិង្សាលើយេនឌ័រ រួមមានដូចជាការប្រើប្រាស់ Apps សារ ក្នុងការរាយការណ៍ ក៏ដូចជាទទួលបានព៌តមានពីករណីអំពើហិង្សាលើស្ត្រី កុមារ និងអ្នកប្តូរភេទ/យេនឌ័រ ។
✔️ បង្កើនផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទហតឡាញឲ្យបានទូលាយ ពិសេសដើម្បីទទួលការរាយការណ៍ពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលជនរងគ្រោះឬអ្នកបានឃើញហេតុការណ៍ អាចរាយការណ៍បានតាមរយៈការខល ឬផ្ញើសារទៅកាន់លេខពិសេសទាំងនោះ ។
✔️ លើកទឹកចិត្ត និងគាំទ្រការងារដៃគូរ សហការរបស់រាជរដ្ឋាភិបាល ដូចជាអង្គការមិនមែនរដ្ឋា-ភិបាល អង្គការអន្តរជាតិ ជាដៃគូរអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ជាដើម
✔️ បង្កើនការអនុវត្តយន្តការច្បាស់លាស់ ក្នុងការបញ្ជូន និងវិធានការក្នុងការឆ្លើយតប ប្រសិនបើមានករណីអំពើហិង្សា ឬការរំលោភបំពានកើតឡើង៕

To Top
×