ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជន កម្ពុជា បាន ល់កឡើងថា នៅក្នុងកាលៈទេសៈនេះ គឺ ត្រូវការយ៉ាងចាំបាច់បំផុត ពីប្រជាពលរដ្ឋ ដើម្បីកម្ចាត់មេរោគCOVID-19 តាមរយៈអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងគោរព តាមបំរាមគោចរនានា របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងថែរក្សាសុខភាព ខ្លួនឯង ឲ្យមានអនាម័យជាប្រចាំ ទើបកម្ពុជាយើងអាចរួចផុតពីមេរោគ COVID-19 ដ៏ចង្រៃនេះបាន ។
តាមរយៈ គេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី ១៩ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជន កម្ពុជា បានសរសេរ បន្ថែម ថា “ដល់ដំណាក់កាលនេះ បើសិនបងប្អូនពលរដ្ឋ មិនប្រឹងជួយខ្លួនឯង ឲ្យរួចផុតពីមេរោគ COVID-19 នោះទេ គឺស្ថានការណ៍ពិបាក ស្រោចស្រង់ណាស់ ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាពរបស់ពលរដ្ឋខ្លួនឯង និងអូសបន្លាយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង” ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់និងអ្នកស្លាប់ចំនួន ៤៥នាក់ ៕