ភ្នំពេញ៖ ដោយសារតែនេះជាករណីថ្មីមួយ សម្រាប់រាជធានីភ្នំពេញ ចំពោះការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ទាំងស្រុង ឬ Lockdown ភូមសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មិនទាន់យល់ពី និងមានចម្ងល់ជាច្រើន ជាហេតុនាំឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យមន្ត្រីរបស់ខ្លួន ធ្វើការឡាយ រងចាំឆ្លើយនឹងសំណួរប្រជាពលរដ្ឋ ។
ការស្នើរបស់លោករដ្ឋមន្រ្តីព័ត៌មាននេះ បន្ទាប់ពីទទួល បានសំណូមពររបស់ប្រជាពលរដ្ឋស្នើឲ្យពន្យល់ព្រោះពួកគាត់មិនយល់ពីសមត្ថកិច្ចធ្វើការដូចមិនស្រប នឹងសេចក្តីសម្រេចបិទខ្ទប់។
លោក ខៀវ កាញារីទ្ធ តាមបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៩ មេសានេះលើកឡើងថា “សំណូមពរសាលាក្រុង ចាត់តាំងមន្ត្រីម្នាក់ឡាយ ពន្យល់ប្រជាជន ឬធ្វើសន្និសីទរៀងរាល់ពេលចេញចេញច្បាប់ថ្មីផង ព្រោះពេលខ្លះ ប្រជាជនអានមិនយល់ទេ ហើយលេខទូរស័ព្ទដាក់ឲ្យខលសួរអំពីច្បាប់ lockdown ក៏ខលទៅគ្មានអ្នកលើកទៀត ជាពិសេស សេចក្តីប្រកាសផ្សឹង ហើយអ្នកអនុវត្តនៅថ្នាក់ក្រោមផ្សេង ដូចជា ប៉ុន្មានថ្ងៃនេះ គឺគេបិទមិនឲ្យអ្នកដឹកទំនិញ ចេញចូលឆ្លងខណ្ឌឡើយ ហេតុអ្វី? សំណូមពរពីមិត្តក្នុងហ្វេសប៊ុក Peter Parker” ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បាន រៀបចំរួចមកហើយ នូវគ្រុប Telegram ដែលមានក្រុមការងារ រងចាំឆ្លើយតប និងសំណួរ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់នេះ ។ https://t.me/ppcityhall គ្រុប Telegram នេះ ត្រូវបានបង្កើតឡើងក្នុង គោលបំណងទទួល និងឆ្លើយតបនូវរាល់សំណួរ ទាក់ ទងនឹងការអនុវត្តវិធានការរដ្ឋបាលទាក់ទងនឹងបិទខ្ទប់ ភូមិសាស្រ្តមួយចំនួន នៅក្នុងភូមិសាស្រ្តនៃសាលារាជធានីភ្នំពេញតែប៉ុណ្ណោះ៕