ភ្នំពេញ ៖ ក្នុងគោលបំណង ចូលរួមទប់ស្កាត់ ការរីករាល នៃជំងឺកូវីដ-១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទាំងអស់ មិនឱ្យជូនដំណើរ សម្តេច ឡើងយន្ដហោះឡើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ។
សូមរំលឹកថា នាពេលកន្លងមក ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេសម្ដងៗ តែងតែមានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ជូនដំណើរ សម្ដេចឡើងយន្ដហោះដើម្បីចូលរួមកិច្ចប្រជុំនានា។
តាមរយៈសារសំឡេង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រោយពីកិច្ចប្រជុំអាស៊ានរួច សម្ដេចតេជោ និងគណៈប្រតិភូ នឹងត្រូវយកសំណាក ពិនិត្យរកជំងឺកូវីដ១៩ ជាពិសេសនោះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ផងដែរ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «សម្ដេច ឯកឧត្តម-លោកជំទាវ ដែលជាឧបនាយករដ្ឋមន្ដ្រី ក៏ដូចជា សមាជិករាជរដ្ឋាភិបាល បានជ្រាបថា ដោយសារតែបញ្ហាជំងឺកូ វីដ ក៏ដូចជា យើងបិទទីក្រុងភ្នំពេញផង ការចេញដំណើររបស់ខ្ញុំលើកនេះ ទៅក្រៅប្រទេសពុំមានការចាំបាច់ ដើម្បីជូនដំណើរ ពីសម្ដេច ឯកឧត្តម-លោកជំទាវ ដែលឧបនាយករដ្ឋមន្ដ្រីនាពេលមុននោះទេ»។
សម្ដេចតេជោ បន្ដថា ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន នៅឥណ្ឌូនេស៊ី រួច វេលាម៉ោង៩យប់ សម្ដេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកកម្ពុជាវិញ ហើយក៏មិនធ្វើសន្និសីទព័ត៌មាន ផងដែរ។
សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា៕