ព័ត៌មានជាតិ

ភាសាចិន ត្រូវប្រើប្រាស់ កាន់តែទូលំ ទូលាយឡើង លើផ្ទៃអន្តរជាតិ

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១០ ផ្នែកព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ បានផ្តួចផ្តើមនិងរៀបចំនូវ «ទិវាភាសាកំណើត» ក្នុងន័យជំរុញការ ធ្វើពិពិធកម្មវប្បធម៌ ក្នុង ប្រព័ន្ធអង្គការ សហប្រជាជាតិ និងការប្រើប្រាស់ ដោយស្មើភាព នូវភាសាទាំង៦ (អង់គ្លេស, បារាំង, រុស៊្សី, អេស៉្បាញ, អារ៉ាប់,ចិន) ដែលជាភាសាការងារ របស់អង្គការសហប្រជាជាតិ ។ ដោយឡែក «ទិវាភាសាចិន»លើកដំបូង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១០ ហើយចាប់ពីឆ្នាំ២០១១ មកបានប្តូរទៅរៀបចំ នៅថ្ងៃទី២០ ខែមេសាជារៀងរាល់ឆ្នាំវិញ ។

តាមស្ថិតិមិនទាន់ពេញលេញ នៅលើពិភពលោក មានប្រជាជន ប្រមាណ ១៥០០លាននាក់ ដែលត្រូវ ជាប្រហែល២០ % នៃចំនួនប្រជាជន ទូទាំងពិភពលោក បានប្រើប្រាស់ភាសាចិន ។ ការដែលអង្គការ សហប្រជាជាតិ បង្កើត«ទិវាភាសា ចិន» គឺបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ នូវការបោះជំហាន ទៅមុខជាលំដាប់ នៃតួនាទីរបស់ប្រទេសចិន លើឆាកអន្តរជាតិ ។
យើងមិនពិបាកមើលឃើញទេថា ស្របនឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មលើផ្ទៃអន្តរជាតិ កាន់តែមមាញឹកឡើងនិង ការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ភាសាចិន ក៏ទទួលបានការទទួលស្គាល់ និងប្រើប្រាស់ ក្នុងក្របខណ្ឌកាន់តែទូលំទូលាយផងដែរ ។ ជាពិសេសនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ភាសាចិនបានក្លាយជាភាសាផ្លូវការ នៃអង្គការទេសចរណ៍ ពិភពលោក នៃអង្គការសហប្រជាជាតិ ដែលជាការសបញ្ជាក់ថា ប្រទេសចិននឹងដើរតួនាទីកាន់ តែសកម្មថែមទៀតក្នុងកិច្ចការ ទេសចរណ៍ អន្តរជាតិ ក៏ដូចជាចែករំលែកនូវ បទពិសោធន៍ និងឱកាសនៃការអភិវឌ្ឍ វិស័យទេសចរណ៍ របស់ប្រទេសចិន ជាមួយពិភពលោក ដែលជាការរួមចំណែកយ៉ាងសកម្ម ចំពោះការកសាងសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិផង ។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងជាប្រភពភ្ញៀវទេសចរធំបំផុត របស់ប្រទេសនិងតំបន់ជាច្រើន ។ ក្នុងនោះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ានចំនួន១១ឆ្នាំជាប់ៗគ្នា ។ ចំណែកនៅឆ្នាំ២០២០ អាស៊ានក៏បានហក់ឡើង កំពូលតារាងដោយ បានក្លាយជាដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសចិន ។ ក្រៅពីការធ្វើ ពាណិជ្ជកម្ម ប្រទេសចិនក៏បានបណ្តាក់ទុន ដោយផ្ទាល់នៅប្រទេសជាច្រើន ដែលបានជួយជំរុញដល់ការ អភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស ពាក់ព័ន្ធផងដែរ ។

ក្នុងន័យខាងលើនេះ យើងមិនពិបាកយល់ទេថា ស្របនឹងកំណើនច្រើនឡើងៗ នៃការវិនិយោគរបស់សហគ្រាសចិន ប្រទេសពាក់ព័ន្ធក៏មាន តម្រូវការកាន់តែខ្លាំងៗ ចំពោះធនធានមនុស្ស ផ្នែកភាសាចិន ពិសេសគឺនៅប្រទេសអាស៊ាន និងប្រទេសអាស៊ីបូព៌ា ដែលយើងសង្កេតឃើញថា មានតម្រូវការខ្ពស់ ចំពោះធនធានមនុស្ស ផ្នែកភាសាចិនទាំងវិស័យពាណិជ្ជកម្ម និងសេវាកម្ម ដែលនាំឱ្យភាសាចិន ត្រូវបានប្រើប្រាស់កាន់តែ ទូលំទូលាយពីមួយថ្ងៃ ទៅមួយថ្ងៃ ។

ចំណែកប្រទេសកម្ពុជា ដែលជាគោលដៅបណ្តាក់ទុន និងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយពី សំណាក់សហគ្រាសនិងប្រជាជនចិនវិញ ភាសាចិនបានក្លាយជាជម្រើស ដ៏សំខាន់មួយសម្រាប់អ្នក ដែលមានតម្រូវការក្នុងការធ្វើមុខជំនួញ ជាមួយក្រុមហ៊ុនចិន ចូលបម្រើការងារនៅក្រុមហ៊ុនចិន និងផ្តល់សេវាទេសចរណ៍ ជូនភ្ញៀវទេសចរចិនជាដើម ។ វប្បធម៌នៃប្រទេសទាំងពីរកម្ពុជា និងចិនមានភាពស៊ីសង្វាក់គ្នានិងប្រកបដោយបរិយាប័ន្ន ដែលបង្កើតបានជាចំណងមិត្តភាព ដែកថែបដ៏ស្អិតល្មួត មិនអាចបេះចេញពីគ្នាបាន ។

នយោបាយ«កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ»របស់ប្រទេសចិន បាននាំមកនូវផលប្រយោជន៍ ជាច្រើនដល់ប្រជាជនចិន ព្រមទាំងប្រជាជន នៃប្រទេសនិងតំបន់ពាក់ព័ន្ធ ។ តាមរយៈការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងការបង្កើតវេទិកាពាក់ព័ន្ធ ជាក់ស្តែងដូចជាគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-អាស៊ាន , ពិព័រណ៍ចិន-អាស៊ាន និងពិព័រណ៍នាំចូលចិន អន្តរជាតិជាដើម ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកយ៉ាងសកម្ម ចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោកនិងការលើក តម្កើងពហុភាគីនិយម ៕

អត្ថបទដោយ ៖​ តាំង ស៊ីឡេង ជាបុគ្គលិក នៃវិទ្យុមិត្តភាព កម្ពុជា-ចិន

To Top