ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្វិលថវិកា ឧបត្ថម្ភ៣០ម៉ឺនរៀល សម្រាប់ជួយអ្នក ធ្វើចត្តាឡីស័ក មកផ្គត់ផ្គង់ស្បៀងអាហារវិញ ។
នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀល ដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ការបង្វែរឧបត្ថម្ភប្រាក់៣០ម៉ឺនរៀល មកជាជំនួសដោយផ្តល់ស្បៀងអាហារ ដូចជា ៖ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងសម្ភារៈមួយចំនួនទៀត។
តាមរយៈសារសំឡេង នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល អាចអនុវត្តបានតែនៅកន្លែងធ្វើចត្តាឡីស័កដោយដាច់ ដោយដុំតែប៉ុណ្ណោះ មិនអាចធ្វើក្នុងតំបន់បិទខ្ទប់ ដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាលនោះទេ។
សម្ដេចតេជោ មានប្រសាសន៍ថា «សូមបងប្អូន មេត្តាយោគយល់ ៣០ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបំរាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងក៏ពុំមានជម្រើស ណា ក្រៅតែពីចែកជូនអ្នកព្រមទទួលប៉ុណ្ណោះ»។
សម្ដេចតេជោ បានទទួលព័ត៌មានដោយមានការក្តុកក្តួលក្នុងចិត្តថា មានប្រជាពលរដ្ឋមួយចំនួន បដិសេធមិនទទួលយក ជំនួយទាំងនេះ។ សម្ដេចថា ប្រសិនបើប្រជាពលរដ្ឋបដិសេធ សម្ដេចស្នើសុំឱ្យអ្នកផ្តល់ជំនួយ ដកថយពីតំបន់នោះ ទៅចែកជូនប្រជាជន នៅតំបន់ផ្សេងៗវិញ ដែលពួកគេកំពុងត្រូវការ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «យើងមិនអាចប្រកែកពន្យល់ពលរដ្ឋរបស់យើងបានទេ នៅតំបន់ដែលប្រជាពលរដ្ឋ របស់យើងមិនព្រមទទួលយកនូវការពន្យល់។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ ១ម៉ឺន ឬ២ម៉ឺនគ្រួសារ វាមិនលំបាកទេ ក៏ប៉ុន្តែឥឡូវនេះយើងមានរាប់សិបម៉ឺនគ្រួសារ ហើយបើបងប្អូនទាមទារ។ ម្នាក់ៗគិតតែពី ទាមទារឱ្យខានតែបាន រដ្ឋជួបការលំបាកក្នុងការដោះស្រាយ តើត្រូវដោះស្រាយរបៀបណា? យន្តការដោះស្រាយក៏មាន កម្រិត ក្នុងពេលប្រថុចញ៉ុចរបស់យើង»។
សម្ដេចតេជោ បន្ដថា រហូតដល់ពេលនេះបានផ្ដល់ជំនួយដល់ប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ហើយបន្ដចែកចាយជាបន្ដបន្ទាប់ ទៀត។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវចុះពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម ផងដែរ៕