Covid-19

នាយកដ្ឋានព័ត៌មានវិទ្យា ណែនាំពី ឯកជនភាពនៃ សារអេឡិចត្រូនិក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បន្តខិតខំដាក់ចេញនូវវិធានការ ចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលក្នុងសហគមន៍ លើសពីនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ បានបង្កើតក្រុម (Group) ឆ្លើយឆ្លងសារអេឡិចត្រូនិក ថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ ស្រុក ខណ្ឌ តួយ៉ាងក្រុម Telegram ជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាព និងរក្សាឯកជនភាពរបស់ប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា ធ្វើការចែករំលែកនូវយន្តការគាំពារមួយចំនួន ដូចខាងក្រោម៖

ទី១-សូមធ្វើការផ្ទៀងផ្ទាត់អំពីក្រុមសារអេឡិចត្រូនិក (Chat Group) មុននឹងធ្វើការចូលជាសមាជិក និងធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានការសង្ស័យលើក្រុមសារអេឡិចត្រូនិក ដែលមានគោលបំណងទុច្ចរិត (បង្ហោះពត៌មានបង្កចលាចល លួចព័ត៌មាន)។

ទី២-សូមធ្វើការកំណត់គណនីអភិបាលក្រុមសារអេឡិចត្រូនិក (Admin) និងធ្វើការបញ្ជូនឯកសារចាំបាច់ផ្សេងៗផ្ទាល់ទៅកាន់គណនីអភិបាល (Admin) ឬគណនីសម្របសម្រួល (Coordinator) ជាជាងការផ្ញើចូលក្នុងក្រុម ដែលអ្នកដទៃ (ពុំមែនអាជ្ញាធរមានសមត្ថកិច្ច) អាចធ្វើការចូលមើល ឬទាញយកឯកសារសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

និងទី៣-សូមធ្វើការចែករំលែកនូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងធ្វើការបង្ហោះនូវមតិយោបល់ប្រកបដោយសីលធម៌ និងទំនួលខុសត្រូវ៕

To Top