ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយ កងទ័ពអាវស (ក្រុមគ្រូពេទ្យជួរមុខ) ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឱ្យ ដឹង ថា «កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយ កងទ័ពអាវស របស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន»។

សូមជម្រាបថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ កាលពីថ្ងៃទី២០ មេសា បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋលើកតម្កើង សរសើរ ទោះបី មើលមិនឃើញសត្រូវអត់ស្រមោលក៏ពិតមែន តែលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិ។

លោកស្រី ក៏បានកោតសរសើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោះនេះ កម្ពុជាក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧ ៤៤៤នាក់ អ្នកជាសះស្បើយ ចំនួន ២ ៥៥៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨៣៥នាក់ និងអ្នកស្លាប់ចំនួន ៤៩នាក់៕
