ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវិរុសកូវិដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី២០ មេសា បានឲ្យដឹងថា ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដេប៉ូ អាស្រ័យដោយស្ថានភាព នៃការរីករាលដាលជំងឺកូវិដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករនិងប្រជាពលរដ្ឋ បានឆ្លងវិរុសកូវិដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១៥ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវិរុសកូវិដ-១៩ សូមអញ្ជើញមកយកសំណាក តេស្តរកមេរោគកូវិដ-១៩ ជាបន្ទាន់ នៅបរិវេណ ទីរួមផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។
រដ្ឋបាលខណ្ឌទួលគោក សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកប អាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូ មានគារយោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព ៕