កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។
លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា ស្នើនិងសំណូមពរប្រជាពលរដ្ឋ និងអាជីវករផ្សារព្រែកតាមាក់ទាំងអស់ ត្រូវចេះការពារខ្លួនពីជំងឺកូវីដ-១៩ ដោយក្នុងនោះ ត្រូវតែរក្សាគម្លាត ពាក់ម៉ាស់ និងបាញ់អាកល់ ជាដើម ដើម្បីធ្វើយ៉ាងណា នាំគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។
លោក ក៏បានណែនាំឲ្យប្រជាពលរដ្ឋ បន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ លោកថា កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។
លោក បញ្ជាក់យ៉ាងដូច្នេះថា «ទោះបីមិនមានអ្នកជំងឺកូវីដ-១៩ ចូលផ្សារក៏ពិតមែន ក្នុងនាមរដ្ឋបាលស្រុក សូមឲ្យបងប្អូនប្រជាពលរដ្ឋ ការពារខ្លួន ឲ្យបានជាប់ ជាពិសេស ការពារតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺចាំបាច់ត្រូវអនុវត្តឲ្យម៉ឺងម៉ាត់ ហើយត្រូវរក្សាគម្លាត ជាពិសេស អ្នកលក់ត្រូវប្រកបដោយមានសុវត្ថិភាព ទាំងអស់គ្នា»។
ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់នោះ លោកអភិបាលរងស្រុក ក៏បានបដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់សង្គមជាតិ ផងដែរ៕