ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួនជិត១៧០០គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបិទខ្ទប់ពិតជាធ្វើឲកយប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់ នៅប្រចាំថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ត្រូវអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញ នូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។

លោកបន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឲ្យមានការចុះចែក គ្រឿងឧបភោគបរិភោគភ្លាមៗ ជូនប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជាតំបន់ក្រហមដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋទាំងអស់ចូលរួមហើយរក្សាអនាម័យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច ។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការចែកអំណោយ នាពេលនេះ គឺមានប្រជាពលរដ្ឋ ១៦៩៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចោមចៅទី២ រីឯប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះ អាជ្ញាធរបានចែកអំណោយ តាមខ្នងផ្ទះជាបន្តបន្ទាប់ សរុបបានប្រមាណ១៩០០គ្រួសារ ហើយ៕


