Covid-19

សកម្មភាពកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងថ្ងៃទី២១ មេសា (Video)

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល   យ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យ ការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រាល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ នៅលើដងផ្លូវ ត្រូវមានលិខិតអនុញ្ញាត តាមការកំណត់ដែលមានចែង ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាន អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្ត ទៅតាមវិធានការច្បាប់។

ជាក់ស្តែងនៅវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ CHEN SHUAI អាយុ២៣ឆ្នាំ បន្ទាប់ពីបុរសម្នាក់នេះ បានល្មើសនឹងបម្រាមគោចរ និងមិនពាក់ម៉ាស ធ្វើដំណើរលើដងផ្លូវហើយ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់សួរនាំ ស្រាប់តែជនជាតិចិននោះ បានបើកម៉ូតូគេចខ្លួនយ៉ាងលឿន ពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រដេញតាមពីក្រោយ រហូតឃាត់ខ្លួន បានប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ អនុវត្តវិធានការច្បាប់។

ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ អាវុធហត្ថរាជធានីភ្នំពេញ ក៏មានមនោសញ្ចេតនា ធ្វើការផ្តល់ម៉ាស និងថវិកាខ្លះជូនដល់ លោកតាធាក់ស៊ីក្លូម្នាក់ ខណៈកម្លាំងអាវុធហត្ថចុះល្បាត បានឃើញគាត់ សម្រាកលើស៊ីក្លូ នៅក្បែររបងវត្ត៕

To Top