ភ្នំពេញ ៖ បុរស២នាក់ ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ ក្នុងម្នាក់ ៥លានរៀល ។
ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជា ដោយផ្ទាល់ របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមកាងារព័ត៌មាន និង ប្រតិកម្មរហ័ស បានធ្វើការស្រាវជ្រាវ រហូតដល់ឈានទៅដល់ការកំណត់ អត្តសញ្ញាណជនទាំងពីររូប ដែលបានបេីករថយន្តឡាយផឹកស្រាបៀរ ដែលល្មើសទៅនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំង ការឆ្លងរាលវីរុសកូវីដ១៩ ( បទមិនគោរព វិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល ។ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានធ្វើការកោះហៅ បុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វើការ ក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មើសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩ ) ។ នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ ។
រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គង ដែលសង្គមស្អប់ខ្ពើមបែបនេះទៀតហើយ ៕