ភ្នំពេញ ៖ ទោះបីកម្ពុជាទទួលជោគជ័យ ក្នុងការទប់ ស្កាត់ជំងឺកូវីដ-១៩ ស្ទើរពេញមួយឆ្នាំ២០២០ក៏ដោយ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញ។
នេះជាការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារលិខិតថ្លែងអំណរគុណ លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ ។
សម្ដេចតេជោ បានថ្លែងបន្តថា ជាការពិតកម្ពុជា -វៀតណាម ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងជួបប្រទះបញ្ហាប្រឈម ដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្ក វិបត្តិយ៉ាងធំធេង ចំពោះសុខភាព សាធារណៈ សង្គម និងសេដ្ឋកិច្ច។
សម្តេចតេជោ បញ្ជាក់ថា «នៅកម្ពុជា ទោះបីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ ដំណាក់កាលថ្មី ដែលស្មុគស្មាញ ជាពិសេសក្រោយការផ្ទុះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ”។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្នក្រសួងសុខាភិ បាល រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រោមការ ដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជំងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់ វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
កម្ពុជាសព្វថ្ងៃបានផ្ទុះ ជំងឺកូវីដ១៩ យ៉ាងខ្លាំង ពិសេសនៅភ្នំពេញ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយមួយថ្ងៃមានអ្នកកើតថ្មីចន្លោះពី៣០០ទៅ៤០០នាក់។ ក្នុងនោះអ្នកស្លាប់វិញ មានប្រមាណជាជិត៦០នាក់ ហើយ គិតមកត្រឹមថ្ងៃ២១ មេសា៕