ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានប្រកាសបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមន្ដ្រីយោធាផ្កាយពីរម្នាក់ឈ្មោះ ស៊ុំ ពៅ មានតួនាទី អនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការពាក់ព័ន្ធករណី រត់ពន្ធជនជាតិចិន ២៨នាក់ ពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង។
សូមជម្រាបថា ចំណាត់ការ អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ អនុវត្តតាមបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តបទល្មើស ក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្ត។
តាមរយៈសារសំឡេង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា «ឧត្តមសេនីយ៍ទោម្នាក់ ឈ្មោះ ស៊ុំ ពៅ គឺបាននាំចិនទៅរត់ចេញទៅស្វាយរៀង ២៨នាក់ ត្រូវបានសមត្ថកិច្ចខាងប៉ូលិសគេឃាត់។ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ »។
នាយឧត្តមសេនីយ៍បើកផ្លូវឲ្យសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់ ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។
សូមរំលឹកថា ឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស ៕