ភ្នំពេញ ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា បានថ្លែងថា ស្ថានទូតនឹងរំលឹកជានិច្ចជានិរន្តរ៍ដល់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលះបង់ពេញមួយជីវិតដើម្បីអភិវឌ្ឍវិស័យភាពយន្តជាតិខ្មែរ ស្វែងរកសក្កានុពលច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ព្រមទាំងពង្រឹងចំណងជាមួយប្រទេសផ្សេងៗទៀត រួមមានប្រទេសរុស្ស៊ីផងដែរ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់ ស្ថានទូតសហព័ន្ធរុស្ស៊ី ផ្ញើជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា “តាមនាមថ្នាក់ដឹកនាំ មន្ត្រីការទូត និងបុគ្គលិក ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងអស់ និងនៅក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅឥតឧបមា ដោយបានជ្រាបថា ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលជាអ្នកដឹកនាំផលិតខ្សែភាពយន្តដ៏ឆ្នើម និងមិត្តចាស់របស់ខ្ញុំ បានទទួលមរណភាព”។
គួររម្លឹកថា លោក ម៉ៅ អាយុទ្ធ ទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩៕