កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១នេះ បានចុះណែនាំអាជ្ញាធរស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការ ការពារ និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
ក្នុងអង្គប្រជុំនៅសាលាស្រុកស្រីសន្ធរនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារតែមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ កន្លងទៅថ្មីៗ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងកិច្ចការពារបន្ថែមទៀត ដូចជា ត្រូវណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស ឲ្យបានគ្រប់គ្នា និងលាងសម្អាតដៃជាប្រចាំ ជាពិសេសក្រុមអាជីវករក្នុងផ្សារ ត្រូវតែវាស់កំដៅ ពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល ឬជែល ឲ្យបានខ្ជាប់ខ្ជួនផងដែរ ។ ម្យ៉ាងទៀត ចំពោះអ្នកនៅចូលទិញឥវ៉ាន់ក្នុងផ្សារ បើមិនមានពាក់ម៉ាសទេ គឺហាមមិនឲ្យចូលតែម្ដង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានអាការសង្ស័យ ដាច់ខាត ត្រូវតែចូលទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋ ហាមចូលទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជន។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំដល់កន្លែងពិនិត្យព្យាបាលឯកជន មិនអនុញ្ញាតឲ្យទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ នោះទេ ។ ហើយប្រសិនបើ មានការពិនិត្យ និងសង្ស័យមានជំងឺកូវីដ-១៩ គ្លីនិកឯកជននោះ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋជាបន្ទាន់តែម្តង ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយឲ្យបានជាប្រចាំ អំពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករក្នុងផ្សារ ឲ្យពួកគាត់អនុវត្តនូវវិធានការការពារ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន។