ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម៖ ការប្រកួតប្រជែងទីផ្សារផលិតផល ពុំទាន់ដោះស្រាយល្អប្រសើរ ទើបធ្វើឲ្យជួបលំបាក (Video)

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ផលិតភាពកសិកម្មរបស់កម្ពុជា នៅមានកម្រិតទាប ហើយការប្រកួតប្រជែង ទីផ្សារផលិតផលកសិកម្ម ពុំទាន់ដោះស្រាយបានល្អប្រសើរ ទើបធ្វើឲ្យកសិករមានការលំបាក។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។

ក្នុងកិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀង ឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក វេង សាខុន បានបញ្ជាក់ថា «ទោះជាកម្ពុជានៅមានបញ្ហា ប្រឈមមួយចំនួនក្នុងការ អភិវឌ្ឍវិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិតទាប និងការប្រកួតប្រជែងទីផ្សារ នៃផលិតផល កសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឲ្យ កសិករកម្ពុជាមានការលំបាក»។

លោកបន្ដថា ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិកាណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងក៏បានផ្តោតលើការងារសំខាន់ៗមួយចំនួន ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ដូចជា ៖ ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក។

លោកបន្ថែមថា ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការ ហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែល ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ឱ្យបង្កើនការចិញ្ចឹមសត្វ ដែលមានវដ្ដផលិតកម្មខ្លី។

លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា ក្រសួងជំរុញការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឲ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ៕

To Top