ភ្នំពេញ ៖ ប្រធានបទ នៃការយករំពាត់ដេញវ៉ៃ អ្នកមិនគោរពបម្រាមគោលចរ នៃការធ្វើដំណើរ ក្នុង ពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងក្តៅគគុក ក្នុងការជជែកវែកញែក ពីសាធារណជន នៅទូទាំងប្រទេស ។
ការបើវិធានដោយវាយ នឹងរំពាត់ត្រូវមតិខ្លះលើកឡើងថា យកតាមគំរូពីប្រទេស ឥណ្ឌា កាលពីឆ្នាំ២០២០ ប៉ុន្តែឥឡូវត្រូវបានយក មកអនុវត្តនៅកម្ពុជា។
ដើម្បីចង់ដឹងផ្នែកច្បាប់ ទៅជាយ៉ាងណា ចំពោះការប្រើ រំពាត់វាយអ្នកដើរ ចេញក្រៅក្នុងតំបន់ហាមឃាត់ថា យ៉ាងម៉េចខ្លះនោះសូមស្តាប់រៀប និងពន្យល់ពីលោក គង់ សំអុន មេធាវីល្បីឈ្មោះមួយ រូបប្រចាំកម្ពុជា។
លោកមេធាវីបានថ្លែងថា គ្មានច្បាប់ណាមួយចែងអំពីការប្រើរំពាត់ឡើយ ហើយណាមួយកម្ពុជា មិនទាន់ដាក់ ប្រទេស ក្នុងគ្រាមានអាសន្នឡើយ។
លោកមេធាវី គង់ សំអុន បានបរិយាយក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៣ មេសាថា មាន បងប្អូនមួយចំនួនសួរលោក ៖ ១. តើខ្ញុំគាំទ្រប៉ូលីសដេញវាយ ប្រជាជនដែលមិនគោរពបម្រាម មិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ ក្នុងតំបន់បិទខ្ទប់ /តំបន់ក្រហមដែរឬទេ?
ចម្លើយខ្លីរបស់ខ្ញុំ គឺអត់ទេ ពីព្រោះ (១) គ្មានច្បាប់ (២) កម្ពុជាមិនបានដាក់ប្រទេស ក្នុងគ្រាអាសន្ន (៣) ជាការរំលោភសិទ្ធិជាមូលដ្ឋាន ដូចជាការសន្មត់ជាមុនថា គ្មានទោស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាដើម (៤) អាជ្ញាធរមិនទាន់បានផ្តល់ នូវសេចក្តីត្រូវការជាមូលដ្ឋានឲ្យប្រជាជន ទាំងនោះនៅឡើយ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យ (៥) ជាការជំរុញឲ្យប្រព្រឹត្តហឹង្សានិយម និង (៦) ជាការរំលោភក្រមសីលធម៌ របស់ប៉ូលីស ។
២. មន្ត្រីធំៗបានអះអាងថា ក្នុងសង្គមខ្មែរការប្រើរំពាត់ ឬដំបងដេញវាយនេះ ជាការប្រៀនប្រដៅក្នុងគ្រួសារ ដូចឪពុកម្តាយអប់រំកូន យល់ស្របទេ?
ចម្លើយរបស់ខ្ញុំគឺអត់យល់ស្របទាំងស្រុងទេ ។ សង្គមខ្មែរមានការប្រើរំពាត់វាយប្រដៅកូនចៅមែន ។ ប៉ុន្តែ ប៉ូលីសទាំងនោះ មិនមែនជាម៉ែឪរបស់ប្រជាជនទេ។ ប៉ូលីសទាំងនោះគឺជាកូនចៅរបស់ប្រជាជន ដែលប្រជាជនចិញ្ចឹម ហើយត្រូវបម្រើប្រជាជន ។ ពួកគេត្រូវបម្រើដោយកិត្តិយសថ្លៃថ្នូរ មិនមែនដោយរំពាត់ ឬដំបងនោះទេ។ តាមរដ្ឋធម្មនុញ្ញ ប្រជាជនជាម្ចាស់អំណាច ។ អ្នកដែលគួរត្រូវរំពាត់ឬដំបងនោះ គួរតែជាប៉ូលីសខិលខូច ដែលមិនគោរពច្បាប់ និងរំលោភក្រមសីលធម៌ របស់ខ្លួនទៅវិញទេ ។ ហេតុនេះ កាលបើប៉ូលីសដេញវាយប្រជាជន ប្រៀបដូចកូនៗ ដេញវាយឪពុកម្តាយអញ្ចឹងដែរ ។ វាមិនស្របនឹងបរិបទសង្គមខ្មែរ នោះទេ ៕