ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនកម្ពុជា បាននឹងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជា ពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ច ប្រជុំកំពូលអាស៊ានពិសេស ។
សម្ដេច ក៏បានឱ្យដឹងផងដែរថា មេដឹកនាំអាស៊ានភាគច្រើន នឹងទៅដល់ទីក្រុងហ្សាកាតា នៅរសៀលនេះ។
តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។
សម្ដេចបញ្ជាក់ថា «ពេលមកដល់កម្ពុជាភ្លាម ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។
អរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
សម្ដេចបន្តថា អរគុណសប្បុរសជនទាំងអស់ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភ ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការជំនួយស្បៀងអាហារ។ សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំ របស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ។
សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា៕