ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង យុតិ្តធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារ និងមិនចែកប័ណ្ណទៅផ្សារផងដែរ ។
ថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លង រាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។
តាមរយ:បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ លោក គឹម សន្តិភាព បានបញ្ជាក់ថា «សូមជម្រាបជូនថា ក្នុងតំបន់ក្រហម មិនអនុញ្ញាតអោយទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ!»។
លោកបន្តថា មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម!។ លោកថា ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ ៕