ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដកហូតស័ក្ដិ និងបណ្ដេញ លោក ស៊ុំ ពៅ ចេញពីក្របខណ្ឌកងទ័ព

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស ពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ។

យោងតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដិនាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។

សូមរំលឹកថា ឧត្តមសេនីយ៍ទោ ស៊ុ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនរឿងរត់ពន្ធ ជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជា របស់រាជរដ្ឋាភិបាល ពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

To Top