Covid-19

រដ្ឋបាលរាជធានី ទទួលអំណោយ​ ជាគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន JTI សម្រាប់ចែកជូន ដល់កងកម្លាំង កំពុងឈរជើង គោលដៅបិទខ្ទប់

ភ្នំពេញ៖ លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីបន្តយកទៅចែកចាយ ដល់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននិងកំពុងឈរជើង នៅតាមគោលដៅបិទខ្ទប់ ​រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល បិទខ្ទប់ក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ក្រុមហ៊ុន JTI កន្លងមកតែងបានជួយ ឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ។ សម្រាប់អំណោយ ដែលទទួលបាន ពីក្រុមហ៊ុនខាងលើ នៅពេលនេះរួមមាន ទឹកក្រូចចំនួន៥០០កេស ទឹកបរិសុទ្ធចំនួន៥០០កេស និងអាហារសម្រន់ ចំនួន១០០០កញ្ចប់ ។

ក្នុងឱកាសនោះដែរ លោក​ ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន JTI ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈខាងលើនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបានបន្តយកទៅចែកចាយ កងកម្លាំងមានសមត្ថកិ​ច្ច​ និងអាជ្ញាធរ ដែលកំពុងឈរជើង ប្រចាំការការពារ នៅតាមគោលដៅ បិទខ្ទប់រាជធានីភ្នំពេញ ។

ក្រោយពីបានទទួលបាន​ អំណោយខាងលើ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចាត់តាំង ឲ្យលោក ហួត ហៃ និងលោកនួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញជាតំណាង ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុន JTI ផងដែរនោះ បានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះ ទៅចែកជូនដល់កងកម្លាំង នៅតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញភ្លាមៗផងដែរ ។​​ ក្នុងនោះលោក ហួត ហៃ នាំយកអំណោយទាំងនោះ ចែកចាយភ្លាមៗ ដល់កងកម្លាំង ដែលបាននិងកំពុងឈជើង​ នៅគោលដៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា ។ ចំណែកលោក​ នួន ផារ័ត្ន វិញ រួមជាមួយតំណាងក្រុមហ៊ុន JTI បានដឹកនាំភេសជ្ជៈនេះ ទៅប្រគល់ជូន ដោយផ្ទាល់ ដល់ទីតាំងដែលបានបិទខ្ទប់ នៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ​ព្រមៗគ្នាផងដែរ៕

To Top