ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា រូបភាពបង្ហាញវត្តមានសត្វរមាំង(Rucervus eldii) ចំនួន៧ក្បាល ត្រូវបានបញ្ជូនមកពី ដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃ របស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៤ មេសា នេះបាន ឱ្យ ដឹង ថា រូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ទាំងនេះ ជាភ័ស្តុតាង នៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថា ហ្វូងសត្វនេះ កំពុងមានលទ្ធភាពបន្តពូជ នៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។

ក្រសួងបន្ដថា ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះ បានស្តែងចេញយ៉ាងច្បាស់ តាមរយៈរូបភាពរាប់រយសន្លឹក ដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់ សត្វរមាំងពេញវ័យ មានញី និងឈ្មោល ចំនួន ៤ក្បាល សត្វវ័យជំទង់ មានញី និងឈ្មោល ចំនួន២ក្បាល ព្រមទាំង កូនសត្វរមាំង ចំនួន១ក្បាល។

ក្រសួង បន្ថែមថា ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ត្រូវបានអនុវត្តដោយ អ្នកជំនាញស្រាវជ្រាវ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរ ពីប្រជាជនមូលដ្ឋាន នៃក្រុមល្បាតសហគមន៍ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។

ក្រុមការងារ បានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗ ចំនួន១១កន្លែង ដែលជាទីម្រករបស់សត្វរមាំង នៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយ ដងទន្លេមេគង្គ។
សូមបញ្ជាក់ថា កំណត់ត្រានៃសត្វរមាំងនាពេលនេះ បានផ្តល់ជាព័ត៌មាននិងចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ ដ៏សំខាន់បន្ថែមទៀត ដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ៕
