ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។
ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ។ បន្ទាប់ពីរដ្ឋប្រហារហើយធ្វើឲ្យមានការ ងើបឡើងប្រឆាំងពីសំណាក់ ប្រជាពលរដ្ឋដែល បណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា។
មុនមកចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោតែងតែថ្លែងជារឿយៗថា អំពីបញ្ហានៅមីយ៉ាន់ម៉ាដោយមិនជ្រៀតជ្រែកឡើយ។
សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា “ស្ថានកា រណ៍នយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា គឺកម្ពុជា ប្រកាន់ខ្ជាប់ គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាផង”។
ទោះបីប្រកាសមិនជ្រៀតជ្រែក តែសម្តេចតេជោបានថ្លែងថា កម្ពុជាបានតាមដានយ៉ាង យកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលកាន់តែមានសភាព ស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមជាមួយប្រទេសអាស៊ាន ផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រី ឡើងវិញ ក្នុងតួនាទី និងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍ អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន។
កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួល របស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទី ជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាស អនុគ្រោះ ដើម្បីជំរុញឲ្យ មានការចរចាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់ កាន់តែដុនដាប ពោលគឺអាចពិចារណា ប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយ សម្របសម្រួល រវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញ បើមានការជួយ សម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគី ណាចង់ឃើញការ បង្ហូរឈាម និងបាត់បង់ជីវិត ប្រជាជននោះទេ។
សម្រាប់បណ្តាមេដឹក នាំអាស៊ាន បានរួមគ្នាឈានទៅទៅសំរេចបាននូវ ចំណុចរួមគួរឲ្យកត់សំគាល់ អំពីជំហាន ដ៏មានសារសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង ដើម្បីអាចមានកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះ ទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។ ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃតម្រូវការស្តារឡើងវិញ ឲ្យបានឆាប់នូវបរិយាកាសស្ថិរភាព នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីសុខុមាលភាពរបស់ប្រជាជន៕

