ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញវិលត្រឡប់ មកកាន់កម្ពុជាវិញ បន្ទាប់ពីចូលរួម កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ជាមួយមេដឹកនាំអាស៊ាន ដែលប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១។  

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៤ មេសា ថា ក្រៅពីកិច្ចប្រជុំកំពូលពិសេស ជាមួយមេដឹកនាំអាស៊ាន សម្ដេចតេជោ ក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ 

នៅក្នុងកិច្ចប្រជុំពិសេស នាថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ រីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ សម្ដេចនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។ 

សម្ដេចតេជោ ក៏បានអរគុណបងជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

To Top