ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាត ចំនួន ៨១៧គ្រួសារ មកពីសង្កាត់ផ្សារចាស់ សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារថ្មីទី២ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានស្នើសុំអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា អត់ធ្មត់យោគយល់ និងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ–១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ ភូមិដ្ឋាន២សប្តាហ៍នេះ។ បើបងប្អូន ចូលរួមជាមួយរាជរដ្ឋាភិបាល អោយបានល្អប្រសើរ ជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ–១៩បាន នោះរដ្ឋាភិបាល និងបើកក្រុងឡើងវិញ បានឆាប់រហ័សផងដែរ។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធររបស់យើង នឹងនាំយកអំណោយនេះ ទៅជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដល់មុខផ្ទះតែម្តង ។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូន ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញនេះ មានចំនួន៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕





