ភ្នំពេញ៖ លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង និងលោកស្រី លៀប ណាលីន ព្រមទាំងសហការី និងអាជីវកនាំទំនិញចេញ-ចូល មាត់ច្រកអន្តរជាតិត្រពាំងផ្លុង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាអង្ករ ចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់ ២០០កេស មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈដែលជំងឺនេះ បាននិងកំពុងបន្ត រីករាលដាលខ្លាំង ។
ក្នុងឱកាសប្រគល់ និងទទួលអំណោយ ដែលធ្វើឡើង នៅសាលារាជធានីភ្នំពេញ លោក កែ ពន្លក នាយករងរដ្ឋបាល រាជធានីភ្នំពេញ ក្នុងនាមជាតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ បានថ្លែងការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក អ៊ួន សុវណ្ណារ៉ា ដែលបានជួយឧបត្ថមជា អង្ករ និងទឹកបរិសុទ្ធ នាឱកាសនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោក អ៊ួន សុវណ្ណារ៉ា ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕