ភ្នំពេញ៖ កម្លាំងនគរបាលក្រុងដូនកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅលំនៅឋានមួយកន្លែង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីណែនាំអប់រំ ដល់ម្ចាស់ផ្ទះ ឲ្យដកស្លាកនៅរបងទ្វារ មុខផ្ទះរបស់ខ្លួនចេញ ក្រោយអាជ្ញាធរមើលឃើញថា មានខ្លឹមសារមិនសមរម្យ ដោយស្លាកសម្គាល់ផ្ទះនោះ បានចារលើថ្មម៉ាប មានខ្លឹមសារថា “ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក តោពីរ” ។
នៅក្នុងហេតុការណ៍នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកជាសំនួរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់លោកដែរថា “ប្លែក! តើជាសិទ្ធិគាត់ឬទេ?” ដោយបញ្ជាក់ថា នេះជាចម្ងល់របស់លោកផ្ទាល់ខ្លួន។
យោងតាមរបាយការណ៍ ដែលអធិការដ្ឋាន នគរបាលក្រុងដូចកែវ បានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែមេសានេះបានឱ្យដឹងថា “នារសៀលថ្ងៃទីសៅរ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយអាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន (លំនៅឋានមួយកន្លែង) ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើការណែនាំ អប់រំ ដល់ម្ចាស់ផ្ទះ ឲ្យដលស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញ ដែលមានខ្លឹមសារមិនសមរម្យនោះថា៖ (ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក តោពីរ) ។ និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យទៀត”៕






