ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយ មេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា នេះ។
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១សម្តេចតេជោ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើង យន្តហោះពិសេស របស់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។
សូមជម្រាបថា ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា។
នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនាពេលនេះគឺជាកិច្ចប្រជុំដំបូងរបស់អាស៊ាន ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាសកល ហើយរបៀបវារ:សំខាន់ៗចំនួន៣នៅក្នុងកិច្ចប្រជុំនេះត្រូវបានលើកឡើងរួមមាន ទី១-ការកសាងសហគមន៍អាស៊ាន ទី២-ទំនាក់ទំនងខាងក្រៅ និងទី៣-ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕