ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ ក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញបង់រំលស់ ជូនពលរដ្ឋក្រីក្រ ក្នុងពេលបិទខ្ទប់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងរយ:ពេលបិទខ្ទប់ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញរបស់ខ្លួន បង់រំលស់ជូនប្រជាពលរដ្ឋក្រីក្រ ហើយអនុញ្ញាត ឱ្យអ្នកលក់ដូរធម្មតា លក់នៅជិតនោះសម្រាប់អ្នកមាន លុយគ្រប់គ្រាន់ ។

លោក ខៀវ កាញារីទ្ធ មានយោបល់បែបនេះ បន្ទាប់ពីឃើញក្រសួងពាណិជ្ជកម្ម ចាត់ចែងបើកស្តង់លក់ទំនិញ ក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ បានឲ្យដឹងថា «ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្ម អាចលក់បង់រំលស់ ជូនអ្នកដែលមិនមានលុយ គ្រប់គ្រាន់ ហើយអនុញ្ញាត ឱ្យអ្នកលក់ដូរធម្មតា លក់នៅជិតនោះ សម្រាប់អ្នកមានលុយគ្រប់គ្រាន់»។

លោកបញ្ជាក់ថា ការធ្វើដូចនេះ នឹងជួយអ្នកមានជីវភាពខ្វះខាត និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ (អ្នកចាក់វ៉ាក់សាំងបាន ២លើកហើយ) មានប្រភពចំណូលវិញផង ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «បើមិនចង់ស្មុគស្មាញ លក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកឱ្យឯកជនទាំងអស់ក៏បាន (ក្រសួងត្រួតពិនិត្យតម្លៃ) ធ្វើបែបនេះ គឺមន្ត្រីរាជការមិនលំបាក នឹងមកលក់ដូរផងដែរ»។
សូមជម្រាបថា យោងតាមសេចក្ដីណែនាំ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួល ផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគ ចាំបាច់លក់ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ខណៈពេល នៃការបិទខ្ទប់ ។

សូមបញ្ជាក់ថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញ តាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់ ៤១២ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៕

To Top