ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច បង្កើតក្រុមការងារ បច្ចេកទេស សម្រាប់ជួយពលរដ្ឋ រងផលប៉ះពាល់ ដោយជំងឺកូវីដ ក្នុងអំឡុងពេលបិទខ្ទប់

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារ បច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ពាល់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់។

យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានបង្កើតក្រុម ការងារបច្ចេកទេសចំពោះកិច្ច ចំនួន៤ ដើម្បីធ្វើជាសេនាធិការរបស់ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) សម្រាប់ជួយសម្រួល និងជាមូលដ្ឋាន ដល់ការរៀបចំ ក្របខណ្ឌយុទ្ធសាស្ត្រ វិធានការគោលនយោបាយ និងស្ថាប័នីយកម្មវិធានការ ស្ដីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល អនុវត្តវិធានការ បិទខ្ទប់ រួមមាន ៖

ទី១-ក្រុមការងារ បច្ចេកទេសចំពោះ កិច្ចទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្ត្រ នៃការអនុវត្តវិធាន ការគោលនយោបាយ អន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល។

ទី២-ក្រុមការងារបច្ចេកទេស ចំពោះកិច្ចទទួលបន្ទុកកំណត់ និងធ្វើអត្តសញ្ញាណកម្ម ក្រុមប្រជាពលរដ្ឋគោលដៅ។

ទី៣-ក្រុមការងារបច្ចេកទេស ចំពោះកិច្ចទទួលបន្ទុកកំណត់របប និងទំហំនៃការអនុវត្តវិធានការ គោលនយោបាយ អន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល។

និងទី៤-ក្រុមការងារបច្ចេកទេស ចំពោះកិច្ចទទួលបន្ទុកកំណត់ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ចំពោះយន្តការនៃការអនុវត្ត វិធានការគោលនយោបាយ អន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល៕

To Top