ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ទៅកាន់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក៏ដូចជាផ្ញើសារមួយ ពន្យល់លម្អិត ជូនប្រជាពលរដ្ឋ អំពីសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ៥៣ សសរ ចុះថ្ងៃទី២៥ មេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំណើរ និងការបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ប៉ុន្តែភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនៅតែបន្តបិទខ្ទប់ដដែល ។
លោក ឃួង ស្រេង បានឲ្យដឹងថា “ចំពោះការបើកនេះ គឺបើកតែខេត្តផ្សេងៗទៀត ដែលមានទំនាក់ទំនង ពីខេត្តមួយទៅខេត្តមួយ ដោយឡែករាជធានីភ្នំពេញ ត្រូវអនុវត្តសេចក្តីសម្រេចដដែលដូច្នេះសូមឲ្យពិនិត្យ លើសេចក្តីសម្រេចនេះ ហើយអនុវត្ត តាមសេចក្តីសម្រេច អនុវត្តសេចក្តីសម្រេច លេខ៥៣នេះ ឲ្យបានល្អប្រសើរ” ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “សូមបញ្ជាក់ឡើងវិញថា រាធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវរក្សាធាតុដើម នៃការបិទខ្ទប់ដដែល យើងនៅបិទខ្ទប់ដដែល” ។
សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ប៉ុន្តែការធ្វើដំណើរចេញចូល ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់ដដែល រួមទាំងតំបន់បិទខ្ទប់ ផ្សេងទៀត ដែលសម្រេច ដោយរដ្ឋបាលខេត្តនានា លើកលែងតែ ការធ្វើដំណើរ ដើម្បីបំពេញមុខងារ ក្នុងការផ្តល់សេវា សង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាម សេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលា ម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត។ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្ត្រតែមួយ ដែលត្រូវ បានបិទខ្ទប់៕