ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវ សន្តិភាព ផ្សះផ្សាជាតិ និងឋិតថេរយូរអង្វែង ដល់ បណ្ដា មេដឹកនាំ អាស៊ាន ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ ត៌មាន ក្រសួងការបរទេសខ្មែរ។
ក្នុងកិច្ចកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិ ឋិតថេរយូរអង្វែង និងបានស្នើឡើង នូវជំហានជាក់ស្តែងមួយចំនួន ដូចជា ៖ ទី១-ការបញ្ឈប់អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ ព័ន្ធ ទី២-ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង៣-ការអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នា ជាឯកច្ឆន្ទលើប្រាំ ចំណុច។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទាន ដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់ បង្ហូរឈាមគ្នាសន្តិភាព និងភាពសុខដុមចីរកាល។
ឆ្លៀតឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រី្ត បានមានប្រសាសន៍ផងដែរ អំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺ កូវីដ-១៩ ក៏ដោយ។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងក្រៅ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។
នាឱកាសនោះ មេដឹកនាំអាស៊ាន បានពិនិត្យមើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្តារឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ស្តីពីទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានលើកអំពី សារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូររវាងអាស៊ាន និងដៃគូខាងក្រៅគ្រប់លំដាប់ថ្នាក់ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។
ជាងនេះទៅទៀត មេដឹកនាំអាស៊ានបានសម្រេចការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចស្តីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកសំណោះ ស្រាយដោយសន្តិវិធី រួមមាន ៖ ទី១-ការបញ្ឈប់រាល់អំពើហឹង្សា ,ទី២-កិច្ចសន្ទនាប្រកបដោយស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍ប្រជាជន ,ទី៣-ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា ,ទី៤-ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និងទី៥- ទស្សនកិច្ចរបស់ប្រេសិតពិសេស នៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕