Covid-19

កូវីដ១៩! អង្គការសុខភាពពិភពលោកថា កម្ពុជា មិនទាន់យឺតពេល ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ (Video)

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។

យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកស្រី លី អៃឡាន មានប្រសាសន៍ថា «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរ ស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែ មានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»។

សូមជម្រាបថា ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ ចំនួន៣ ដើម្បីអាចដោះស្រាយបញ្ហារាតត្បាត នៃជំងឺឆ្លងមួយនេះប្រកប ដោយប្រសិទ្ធភាពបាន ដូចជា ៖ ទី១-ថ្នាក់ដឹកនាំត្រូវតែបោះ ជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ,ទី២-សង្គមទាំងមូលត្រូវតែចូលរួម និងទី៣-ពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការ សុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រី បន្ដថា «នៅពេលដែលសមាសធាតុទាំងអស់នេះរួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ យើងបានមើលឃើញការដឹកនាំ ដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជា ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងចាត់វិធានការ ដ៏លំបាកជាច្រើន។ ប៉ុន្ដែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូប។ ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាព ជោគជ័យក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺកូវីដ-១៩»។

លោកស្រី បន្ថែមថា ជំងឺកូវីដ-១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផង ដែរ។ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហា ផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារ អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើគ្រប់គ្រងស្ថានការផ្ទុះឡើង នៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ដូចជាផលប៉ះពាល់ដល់ សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

អង្គការសុខាភិបាល ក៏បានលើកឡើងទៀតថា គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញ យ៉ាងច្បាស់ ដូចជា ពេលបច្ចុប្បន្ននេះទ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ៕

To Top