ព័ត៌មានជាតិ

ប្រសិនអាស៊ាន យករូបមន្តត្រ័យការ កម្ពុជានឹងដើរតួ សំខាន់លើបញ្ហាវិបត្តិភូមា (Video)

ភ្នំពេញ៖ កម្ពុជាបានស្នើរូបមន្តត្រ័យការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្ឆាំ២០២១ ដោយ សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។

រូបមន្តត្រ័យការរបស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគត ប្រធានអាស៊ានបន្ទាប់»។

កម្ពុជាបានធ្លាប់ជួបរូបមន្តនេះកាលពីឆ្នាំ១៩៩៧ ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ នាយករដ្ឋមន្ត្រីទី១ និង សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រទី២ បានប្រយុទ្ធគ្នាកណ្តាល រាជធានីភ្នំពេញ ៥-៦កក្កដា ១៩៩៧។

អាស៊ានបានលើកយន្តការត្រ័យការ ដើម្បីជួយផ្សះផ្សាកម្ពុជា ដោយអាស៊ានចាត់បញ្ជូនរដ្ឋមន្ត្រីការបរទេស ៣រូបសម្រាប់សម្របសម្រួល ជាមួយភាគីពាក់ព័ន្ធកម្ពុជា និង ប្រទេសពាក់ព័ន្ធ។

រដ្ឋមន្ត្រី៣រូបមាន លោក អាលី អាឡាតាស់ រដ្ឋមន្ត្រីការ បរទេសឥណ្ឌូនេសុីអតីតប្រធានអាស៊ាន រដ្ឋមន្ត្រីកាបរទេសថៃ លោក ប្រាជួប ឆៃយ៉ាសាន ប្រធានអាស៊ាន និងរដ្ឋមន្ត្រីកាបរទេស ហ្វីលីពីន លោក ដរមុីងហ្គូ សាយហ្សុន។

លោករដ្ឋមន្ត្រីការបរទេសទាំង៣ បានទៅជួប ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន លោក គៀន គីចៀន និងគាល់ព្រះមហាក្សត្យកម្ពុជា ព្រះបាទ នរោត្តម សីហនុដែលពេលនោះព្រះករុណា កំពុងគង់ប្រថាប់ នៅទីក្រុងប៉េកាំងស្រាប់ នាថ្ងៃ១៦-១៧ កក្កដា ឆ្នាំ១៩៩៧ បន្ទាប់មកហោះពីប៉េកាំង ដល់ភ្នំពេញ ជួប សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២និង លោក អុឹង ហួត នាយករដ្ឋមន្ត្រទី១លើកបន្ទុប ក្រោយ ព្រឹត្តិការណ៍៥-៦ កក្កដា ឆ្នាំ១៩៩៧ រួចបានទៅគាល់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិនៅទីក្រុងបាងកក ប្រទេសថៃ។ លទ្ទផលការទូតនៅពេលនោះប្រទេសកម្ពុជាបាន រៀបចំការបោឆ្នោតជាសកលនៅខែកក្កដា ឆ្នាំ១៩៩៨ គណបក្សប្រជាជនកម្ពុជា របស់សម្តេចហ៊ុន សែនឈ្នះ ៧៣អសនៈនៃរដ្ឋសភា។

អ្នកវិភាគបាននិយាយថា រូបមន្តត្រ័យការសម្រាប់ប្រទេសភូមា ប្រទេសកម្ពុជា មិនត្រឹមតែជាប្រធានអាស៊ានទេសូម្បីតំណែង អគ្គលេខាធិការអាស៊ាន ក៏ជាបេក្ខជនរបស់កម្ពុជាដែរ។ ដូច្នេះកម្ពុជាអាចមានសម្ថភាពខ្លះ ក្នុងការស្វែងរកដំណោះស្រាយនយោបាយភូមា។

ម៉្យាងកន្លងមក កម្ពុជាក៏ធ្លាប់ត្រូវបានអន្តរជាតិ ពឹងពាក់ឲ្យ សម្តេចតេជោ ហ៊ុន សែន ជួយដែរលើបញ្ហាភូមានេះ។ នេះបើតាមប្រសាសន៍ របស់សម្តេចតេជោ ធ្លាប់បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១២នៅភ្នំពេញ។

អ្នវិភាគបានបន្តថា កម្ពុជាត្រូវបានគេមើលឃើញថា ស្និតបំផុតទៅនឹងប្រទេសចិនដែលចិនក៏ស្និតនឹង ភូមា។ ម៉្យាង ភូមិសាស្ត្រនយោបាយ និងម្យ៉ាងទៀតកម្ពុជាធ្លាប់មានបញ្ហាស្រដៀងគ្នា ផ្នែកណានោះនាពេលកន្លងទៅហើយ កម្ពុជាមានបទពិសោធន៍ នយោបាយ ឈ្នះ ឈ្នះដែលម្ចាស់សេណារីយោ កំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺ បុរសខ្លាំងខាងកសាងសន្តិភាពសម្តេចតេជោ ហ៊ុន សែន៕

សូមបញ្ជាក់ថា ប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ធ្លាប់បានចូលរួមដោះស្រាយ បណ្ដាប្រទេសមួយចំនួន នៅអាស៊ី ក្នុងរជ្ជការ សម្ដេចព្រះ នរោត្ដម សីហនុ គង់ជាប្រមុខរដ្ឋ។

ព្រះបាទ នរោត្ដម សីហនុ ធ្លាប់បានជួយរៀបចំ ឱ្យមានសន្និសីទ ហ្សឺណែវ លើកទី២ នៅក្នុងប្រទេសឡាវ ក្នុងអំឡុងឆ្នាំ១៩៦២។

យោងតាមសៀវភៅ អាស៊ីអាគ្នេយ៍ ២០ឆ្នាំ ក្នុងសង្គ្រាម CIA ត្រង់ទំព័រ១០៤ បានសរសេរថា« ក្រោមការជួយយខ្នះខ្នែង ដុតដៃដុតជើង របស់សម្ដេចព្រះ នរោត្ដម សីហនុ បានបង្កឱកាសអោយ ព្រះអង្គម្ចាស់ឡាវ ទាំងបីអង្គ ប៊ួន អ៊ួម ចម្ប៉ាសាក់ (ស្ដាំនិយម) សុវណ្ណៈ ភូម៉ា (អព្យាក្រឹត) និងសូផានុវង្ស (កុម្មុយនិស្ដប៉ាថេតឡាវ) ជួបទល់មុខនៅក្រុងហ្សួរិក ដើម្បីព្រមព្រៀង ជាគោលការបង្កើតរដ្ឋាភិបាលចម្រុះ ត្រីភាគី ដោយមានព្រះអង្គ សុវណ្ណៈ ភូម៉ា គឺជានាយករដ្ឋមន្រ្តី ចំណែកព្រះអង្គម្ចាស់ សូផានុវង្ស និងឧត្ដមសេនីយ៍ ភូមី ណូសុវណ្ណ ជាឧបនាយករដ្ឋមន្រ្តី រហូតដល់មានការបោះឆ្នោត»។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀត សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ធា្លប់បានផ្សះផ្សារ ឥណ្ឌានិងចិន នៅក្នុងជម្លោះព្រំដែន ក្នុងទ.សតី៦០ ដែលព្រះអង្គបានបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៦០៕

ដោយ សយ សុភាព

To Top