ព័ត៌មានជាតិ

អាជ្ញាធរ សហការជាមួយកងទ័ពយកស្បៀងអាហារ ចែកជូនពលរដ្ឋទីទាល់ក្រ ជាង១ម៉ឺនគ្រួសារនៅថ្ងៃនេះ

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងសហការគ្នា ជាមួយនឹងកងទ័ពជើងគោក រៀបចំចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូន ប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រ ជាង១ម៉ឺនគ្រួសារ ទៅតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយក្រុមការងារ ទាំងអាជ្ញាធរខណ្ឌ ក៏ដូចជាកងកម្លាំងទាហាន បានកំពុងដុតដៃដុតជើង ទៅតាមគោលដៅ ខណ្ឌនីមួយៗ ឲ្យដល់លំនៅឋានតែម្តង ។

ការចាត់ចែងស្បៀងអាហារ ដល់មុខផ្ទះប្រជាពលរដ្ឋនេះ ដើម្បីសម្រួលការលំបាក ប្រជាពលរដ្ឋ ក្នុងអំឡុងពេល នៃការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្នុងការទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ។

ការលើកឡើងខាងនេះ ស្របពេលជាមួយនឹង ការទទួលអំណោយពីលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិកាសមាគម កាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញ ដែលក្នុងនោះ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការទទួលអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែង ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ខណៈ ដែលជំងឺនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្ត ការរាលដាលឥតឈប់ឈរ ។

លោក កើត ឆែ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ស្រី ជាសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភ មករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការ ដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួម ចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕

To Top