នយោបាយ

កម្ពុជា អំពាវនាវ ដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំង លើសតម្រូវការ និងកុំប្រើប្រាស់វ៉ាក់សាំង ជាឧបករណ៍នយោបាយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការអំពាវនាវ ដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំង លើសតម្រូវការរបស់ខ្លួន (hoarding)ហើយកុំប្រើប្រាស់វ៉ាក់សាំង ជាឧបករណ៍នយោបាយ (vaccine politics) ។

ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៧ របស់UN-ESCAPក្រោមប្រធានបទ «ការស្ដារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» នៅទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តាមរយៈប្រព័ ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គម្លាតនៃការទទួលបានវ៉ាក់សាំង រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចតំបន់ និងសកល ពោល គឺ មានប្រទេសមួយ ចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញ បានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេង ទៀតបន្តរង ផលប៉ះពាល់ទាំងក្នុងផ្នែក សុខាភិបាល និងផ្នែកសេដ្ឋកិច្ច។

សម្ដេចតេជោ បន្ដថា ក្នុងបរិការណ៍នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាព នៃ ប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់ប្រទេសទាំងអស់ទាំងអស់គ្នា ។ សម្ដេចថា កម្ពុជាសូមគូសបញ្ជាក់ ពីសារៈសំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងថ្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំង លើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics)»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ ជាពីសេសពាក់ព័ន្ធនឹងការស្ដារឡើងវិញ ក្រោយវិបត្តិ មានដូចជា ៖

ទី១-បន្តជំរុញ និងគាំទ្រ គោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគី និយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុ-គ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញ ពីសកលភាវូបនីយកម្មត្រូវ បានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។

ទី២-ជំរុញឌីជីថលូបនីយកម្ម ដោយផ្តល់អាទិភាព ដល់ការ កសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្ត ឱ្យវិស័យឯកជន ចាប់យកបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែក លើកកម្ពស់ភាពប្រកួត-ប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទី៣-ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

និងទី៤-ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្ម ក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និង ការបម្រើដល់ឧស្សាហកម្មធំៗ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាជឿជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយវិបត្តិ គឺទាមទារឱ្យប្រទេសលើពិភពលោកត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក៕

ដោយ ៖ អេង ប៊ូឆេង

To Top