បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ប្រទេសកាតា បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមេសានេះថា ប្រសិនបើរបបសឹក របស់សហភាពមីយ៉ានម៉ា អនុវត្តតាមលក្ខខណ្ឌ ទាំង៥ចំណុច ដែលបានព្រមព្រៀង ក្នុងកិច្ចប្រជុំអាស៊ាន វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងត្រូវបញ្ចប់ នៅពេលដ៏ខ្លីខាងមុខនេះ តាមរយៈកិច្ចចរចាត្រីភាគី ។
លក្ខខណ្ឌទាំង៥ចំណុច សម្រាប់របបសឹកមីយ៉ានម៉ា ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមេដឹកនាំ របស់ប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថា អាស៊ាន កាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលប្រមុខដឹកនាំកំពូល របស់របបសឹកយល់ព្រមទទួល ។
លោក មូហ៊ីយីឌីន យ៉ាស៊ីន នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា លក្ខខណ្ឌទាំង៥ចំណុចនោះ គឺជាកិច្ចព្រមព្រៀងកុងសង់ស៊ីស ឬការពិភាក្សាមូលមតិគ្នារវាងប្រមុខដឹកនាំរបបសឹកមីយ៉ានម៉ា និង អាស៊ាន ប៉ុន្តែបញ្ហានៅត្រង់ថា តើរបបសឹកមីយ៉ានម៉ា អាចអនុវត្តតាមលក្ខខណ្ឌទាំង៥ចំណុច នោះបានដែរ ឬក៏អត់ ។
កិច្ចព្រមព្រៀងកុងសង់ស៊ីស ទាំង៥ចំណុចនោះរួមមាន៖ ទី១-ការបញ្ចប់អំពើហិង្សា នៅមីយ៉ានម៉ា ទី២-ការបង្កើតអោយមានកិច្ចសន្ទនា ប្រកបដោយការស្ថាបនា ទី៣-ការបង្កើតអោយមានប្រេសិតពិសេស អាស៊ាន ក្នុងការសម្របសម្រួល អោយមានកិច្ចសន្ទនានោះ ទី៤-ការបើកអោយមានជំនួយ មនុស្សធម៌ ទៅកាន់សហភាពមីយ៉ានម៉ា និងទី៥-ការបើកអោយមានដំណើរទស្សនកិច្ច របស់ប្រេសិតអាស៊ានទៅកាន់មីយ៉ានម៉ា ។
កិច្ចព្រមព្រៀងកុងសង់ស៊ីស ទាំង៥ចំណុចនេះ គឺកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន ក្នុងគោលបំណងបញ្ចប់វិបត្តិ នយោបាយនៅសហភាពមីយ៉ានម៉ា ដែលជាប្រទេសសមាជិកមួយ ក្នុងចំណោមប្រទេសសមាជិក ទាំង១០របស់សមាគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ដែលជាវិបត្តិក្នុងតំបន់នេះផ្ទាល់ ។
ប្រធានាធិបតីរបស់ប្រទេស ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលមានគំនិតផ្តួចផ្តើម អោយមានកិច្ចប្រជុំអាស៊ាននេះឡើង និងខិតខំប្រឹងប្រែង ផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ានម៉ា បាននិយាយថា អាស៊ាន មិនសួរដេញដោលច្រើន ដល់មេដឹកនាំរបបសឹកនោះទេ ដោយសារអាស៊ានមានគោលដៅ បញ្ចប់វិបត្តិនយោបាយ ។
ការលើកឡើងរបស់លោក ចូកូ វីដូដូ គឺជាការឆ្លើយតបទៅនឹងសំនួរ ជាច្រើនដែលបានចោទសួរ ថា ហេតុអ្វីបានជាក្នុងសេចក្តីប្រកាស អំពីកិច្ចព្រមព្រៀងកុងសង់ស៊ីស ទាំង៥ចំណុច មិនមានលើកឡើងអំពីការ បញ្ចប់អំពើហិង្សា នៅមីយ៉ានម៉ា ? តើអាស៊ាន មិនអើពើចំពោះអំពើហិង្សា កាប់សម្លាប់គ្នា នៅប្រទេសនេះ ឬយ៉ាងណាស់ ។
លោក ចូកូ វីដូដូ បានឆ្លើយតបថា ឧត្តមសេនីយ៍ មីន អ៊ុងលាំង ដែលជាប្រមុខដឹកនាំកំពូល របស់របបយោធា ក៏យល់ព្រមក្នុងការបញ្ចប់ អំពើហិង្សាដែរ ប៉ុន្តែឧត្តមសេនីយ៍រូបនេះ ហាក់ដូចជានៅអល់អែក និងរារែកចិត្តថា អំពើហិង្សានៅមីយ៉ានម៉ា មិនមែនកើតឡើង ដោយសារតែកងកម្លាំងយោធាទេ គឺដោយសារក្រុមបាតុករដែរ ។
លោក តានី សង់ក្រាត អ្នកនាំពាក្យក្រសួងការបរទេស របស់ប្រទេសថៃ បាននិយាយថា របបសឹក មីយ៉ានម៉ា ដែលនឹងអនុវត្តបាន តាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ទាំង៥ចំណុចនោះ លុះត្រាតែបញ្ចប់អំពើហិង្សា នៅក្នុងប្រទេស របស់ខ្លួនជាមុនសិន ហើយប្រសិនបើរបបសឹក មិនបញ្ចប់អំពើហិង្សាទេ មានន័យស្មើនឹងរបបសឹក មិនអនុវត្តតាមកិច្ចព្រមព្រៀង ។
លោក តានី សង់ក្រាត បានបន្ថែមថា ប្រេសិតពិសេសអាស៊ាន ដែលមានគម្រោងនឹងធ្វើដំណើរ ទៅកាន់សហភាពមីយ៉ានម៉ា នៅពេលខាងមុខ គឺអាចធ្វើទៅបានលុះត្រាតែមីយ៉ានម៉ា គ្មានអំពើហិង្សា ហើយជំនួយមនុស្សធម៌ក៏ដូចគ្នាដែរ គឺអាចនាំជំនួយទៅបានលុះត្រាតែគ្មានអំពើហិង្សានៅមីយ៉ានម៉ា ដែលបញ្ហានេះមិនបាច់ចែងនៅក្នុងកិច្ចព្រមព្រៀងទេ ។
សរុបមក ក្រោយពីកិច្ចប្រជុំ អាស៊ាន ប្រទេសជាសមាជិកទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការអនុវត្តតាមកិច្ចព្រមព្រៀង កុងសង់ស៊ីស ទាំង៥ចំណុចរបស់របបសឹកមីយ៉ានម៉ា តើអាចអនុវត្តបានក្នុងកម្រិតណា ?
ដើមចមនាំអោយកើតរឿង
លោកស្រី គ្រីស្ទីន ស្ច្រាន័រ បឺហ្គែន័រ (Christine Schranger Bergener ) ប្រេសិតពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការ នៅសហភាពមីយ៉ានម៉ា បាននិយាយថា ដើមចមដែលនាំអោយឧត្តមសេនីយ៍ មីន អ៊ុងលាំង យល់ព្រមទទួលយកកិច្ចព្រមព្រៀង កុងសង់ស៊ីសទាំង៥ចំណុច គឺដោយសារអាស៊ាន មានឥទ្ធិពលខ្លាំងលើរបបសឹក ។
អាស៊ាន មានឥទ្ធិពលខ្លាំងលើរបបសឹក មីយ៉ានម៉ានៅត្រង់ថា របបសឹកមីយ៉ានម៉ា អាចធ្វើដំណើរទៅមុខបាន ដោយសារមានទំនាក់ទំនងការទូត នយោបាយ និងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ ជាពិសេសគឺមានទំនាក់ទំនង ជាមួយប្រទេស ជាសមាជិកអាស៊ាន ហើយបើរបបសឹកមិនអនុវត្ត តាមការសន្យាទេនោះ ប្រទេសនេះនឹងឯកោ នៅពេលខាងមុខ ។
របបសឹកឯកោ គឺដោយសារអង្គការ សហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង ប្រទេសជាសម្ព័ន្ធមិត្ត បានដាក់សម្ពាធគ្រប់យ៉ាងលើ របបសឹករួចទៅហើយ នៅឡើយតែបណ្តាប្រទេស ជាសមាជិកអាស៊ាន ហើយបើអាស៊ានដាក់សម្ពាធទៀត នោះរបបសឹកមីយ៉ានម៉ា ពិតជាគ្មានផ្លូវដើរទៅមុខទៀតទេ ៕
ដោយ ៖ អ៊ី ជិន