Covid-19

រាជរដ្ឋាភិបាលឲ្យពន្លឿន ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកែ សម្រួលវិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងឲ្យក្លាយ ទៅជា «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់ឲ្យ បានលឿន និងឆាប់រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងទីប្រជុំជនធំនៃខេត្តកណ្តាល។

គិតត្រឹមថ្ងៃទី២៥ មេសា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,២៩៥,៦៦០នាក់។

យោងតាមសេចក្ដីសម្រេចស្ដីពី «ការបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិ បាលបញ្ជាក់ថា ការពន្លឿនក្នុងភូមិសាស្រ្តទាំង២ដែល មានមនុស្សច្រើនកុះករធ្វើការ និងរស់នៅសំដៅបង្កើតឲ្យមានភាពស៊ាំ សហគមន៍ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជាពិសេសបញ្ចៀសឲ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។

រាជរដ្ឋាភិបាលបន្ដថា ការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ត្រូវធានាឲ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃកិច្ចដំណើរការនេះ ពិសេស តាមរយៈគោលការណ៍នាំ យកសេវាទៅកៀកបំផុតជូនប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ក្នុងសេចក្ដីសម្រេចរាជរដ្ឋាភិបាល ក៏បានលើកឡើងថា ការរធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង» ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅជាធម្មតា ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុញ្ញាត លើកលែងតែមុខរបរមួយចំនួន មិនអនុញ្ញាតឲ្យបើកឡើយ៕

To Top
×