ភ្នំពេញ៖ ត្រឹមតែរយៈពេល ៥១ថ្ងៃ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារ រៀបចំមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ១៩ បានចំនួន ៥ ដែលស្មើរនឹងប្រមាណ ៤៣០០គ្រែ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ មេសានេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នា រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានោះលោក បានអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្ម របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

លោកឧត្ដមសេនីឯក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕


