ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជា ឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អ ជាមួយកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនស្បៀងអាហារ ចែកជូនទៅប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩។
កាលពីថ្ងៃទី២៦ មេសា អាជ្ញាធរខណ្ឌនីមួយៗ បានសហការយ៉ាងល្អ ជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហាន បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅបងប្អូន ប្រជាពលរដ្ឋ ចំនួន ១២០០០គ្រួសារ ក្នុង១៣ខណ្ឌ ។
តាមការបញ្ជាក់ របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បានចែកជូន ប្រជាពលរដ្ឋ នៅខណ្ឌពោធិសែនជ័យ ចំនួន៣៥០០គ្រួសារ ខណ្ឌមានជ័យ ២០០០គ្រួសារ ខណ្ឌដង្កោ ២០០គ្រួសារ ខណ្ឌសែនសុខ ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ ១៥០០គ្រួសារ ខណ្ឌឬស្សីកែវ ចំនួន៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៥០០គ្រួសារ ខណ្ឌដូនពេញ ចំនួន៧០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ៣០០គ្រួសារ ខណ្ឌចំការមន ៣០០គ្រួសារ ខណ្ឌបឹងកេងកង ៥០០គ្រួសារ ខណ្ឌច្បារអំពៅ ចំនួន៥០០គ្រួសារ ។
គួរឲ្យដឹងដែរថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់ កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ក្នុងការនាំស្បៀងអាហារទាំងនេះ ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌខាងលើ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម។
គួររំលឹកថា ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តសហការ ជាមួយកម្លាំងកងទ័ពជើងគោក ដឹកស្បៀងអាហារ យកទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រ ទៅតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរំលែកទុក្ខលំបាក ប្រជាពលរដ្ឋ ខណ្ឌបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ៕