ព័ត៌មានជាតិ

កម្ពុជា កំពុងជំរុញ ការសិក្សា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា កំពុងជំរុញការសិក្សា លទ្ធភាពទទួលភ្ញៀវ ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩រួចហើយ ដោយរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រ សួងទេសចរណ៍ បានថ្លែងថា «ចំពោះផែនការបើកដំណើរ ការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយ ក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថា តើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័ក ក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍ អនុញ្ញាតពីប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ» ។

លោក បន្ដថា ក្រសួងនឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងការស្វែង រកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍មានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរ បានទទួលវ៉ាក់សាំង ។

លោក បញ្ជាក់ថា «យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាព សេវាកម្មទេសចរណ៍ នៅគ្រប់គោល ដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារ សេវាកម្មទេសចរណ៍ នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័ស ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាព របស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំង ហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ» ។

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ជាតិតែ ១,៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ កាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិក៕

To Top