កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
អំណោយដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូច ជាថវិកា ១.០០០ ដុល្លារ, អង្ក ២តោន,ទឹកបរិសុទ្ធ ចំនួន ៥០កេស, ម៉ាសចំនួន ១០.០០០ ម៉ាស, អាល់កុលចំនួន ៧កាន , និងមីម៉ាម៉ា ចំនួន ៥កេសធំ ។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលមានចិត្តសប្បុរស ចេះជួយគ្នាក្នុងគ្រាលំបាក បាននាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះដែរ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹង ការអនុវត្ត នូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ រយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយ នៃភូមិសាស្ត្រខេត្តកំពង់ចាម។