Covid-19

មេរោគកូវីដ-១៩ នៅមិនឆ្ងាយពីយើងទេ វាចាំតែមានឱកាសនឹងសម្រុកចម្លងចូលខ្លួនយេីង​ ភា្លមមួយរំពេច!

ទោះបីពេលនេះរាជរដ្ឋាភិបាល បានបែងចែកតំបន់ជា ក្រហម, លឿងទុំ, លឿង…ដែលយើងកំពុងរស់នៅក៏ដោយ គឺយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតដូចៗគ្នា ដើម្បីថែរក្សាជីវិត១នេះអោយផុតពីការយាយីដោយកូវីដ១៩។ ត្រូវតែអនុវត្តអោយបានខ្ជាប់ខ្ជួន ៣ការពារ៣កុំ” (ពាក់ម៉ាស, លាងដៃ, ដើរឈរអង្គុយគឺត្រូវឃ្លាតពីគ្នា១ម៉ែត្រកន្លះ, កុំទៅកន្លែងមនុស្សច្រើន, កុំទៅកន្លែងបិទជិតគ្មានខ្យល់, កុំប៉ះពាល់គ្នា (ព្រោះមិនដឹងអ្នកណាមាន ឬគ្មានរោគកូវីដ)”។ ចំពោះ”តំបន់បិទខ្ទប់”គឺយើងត្រូវតែនៅក្នុងផ្ទះ កុំចេញក្រៅផ្ទះ បើគ្មានអ្វីសំខាន់ចាំបាច់បន្ទាន់នោះទេ។

ច្បាស់ណាស់ ពេលនេះគឺយើងកំពុងនៅក្នុង “សមរភូមិប្រយុទ្ធជាមួយមេរោគកូវីដ-១៩” ដែលយើងមិនអាចមើលឃើញនឹងភ្នែកឡើយ។​ តែយេីងមានឱកាសនឹងឈ្នះ​ បេីស្តាប់តាមការណែនាំនិងអង្វរកររបស់ប្រមុខដឹកនាំ។

យើងក្រឡេកមើលប្រទេសឥណ្ឌាអស់រយៈពេល១សប្តាហ៍មកដល់ថ្ងៃនេះ ជំងឺកូវីដ-១៩ កំពុងវាយលុកឆ្លងសាហាវខ្លាំងដោយសារការធ្វេសប្រហែសមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល ក្នុងនោះរួមមានទាំងការហាមជួបជុំធ្វើពិធីបុណ្យសាសនា, ការជួបប្រជុំគ្នាច្រើន, ការជួបជុំនៅតាមវត្តអារាម, និងនៅតាមព្រះវិហារជាដើម… ដែលបានធ្វើអោយប្រជាពលរដ្ឋឆ្លងកូវីដ-១៩ ជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃ។

មកទល់ថ្ងៃនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ រហូតដល់ជាង ១៧លាននាក់ (17,313,163-WHO)។ ស្ថានភាពកូវីដនៅឥណ្ឌាឆ្លងសាហាវលឿនខ្លាំងដូចព្យុះស៊ូណាមិអញ្ចឹង គឺគ្មានសល់គ្រែសម្រាប់អ្នកជំងឺ, គ្មានអុកស៊ីហ្សែន, គ្មានដុកទ័រ (មើលអ្នកជំងឺមិនទាន់), គ្មានឡានពេទ្យ។ បើអ្នកជំងឺត្រូវទៅពេទ្យគឺត្រូវយកបំពង់អុកស៊ីហ្សែនទៅជាមួយ (បើមាន) ដោយមធ្យោបាយផ្ទាល់ខ្លួន ។ មួយចំនួនគ្រាន់តែទៅចាំចូលពេទ្យនៅរងចាំកន្លែងចតឡានក៏ស្លាប់ជាបន្តបន្ទាប់ គឺស្លាប់ហាលគរជើងដុតបូជាមិនទាន់។

នៅកម្ពុជាយើងនៅមានពេលវេលាថែទាំជីវិត, យើងមានអង្ករច្រកឆ្នាំង, មានត្រីខ, មានមី, មានទឹកស្អាតផឹក, មានឡានពេទ្យ និងគ្រូពេទ្យព្យាបាល, មានម្ហូបអាហារផ្តល់ជូនទាំងអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័ក, តើយើងអាចស៊ូទ្រាំអត់ធ្មត់បានទេ? នេះជាជំងឺឆ្លងរាតត្បាតសកល ដែលពិភពលោក និងខ្លួនយើងផ្ទាល់ត្រូវតែចូលរួមការពារអាយុជីវិតយើងទាំងអស់គ្នា។ ចំពោះអ្នកដែលប្រមាថ មើលស្រាលនិងហ៊ានប្រថុយនឹងកូវីដ-១៩ គឺប្រឈមនឹងសេចក្តីស្លាប់តែ១គត់!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក​ Doung Dara)

To Top