ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅពេលនេះ សុខភាពរបស់សម្ដេច ល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយ នៅម្នាក់ឯងអត់ប្រពន្ធអត់កូន អត់ចៅ ដោយសារសម្ដេច ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី។
ការចេញមកអះអាងរបស់ សម្ដេចតេជោ បែបនេះធ្វើឡើងក្រោយ ពីមានការចាប់អារម្មណ៏ ពីសំណាក់មជ្ឍដ្ឋានខាងក្រៅ ជុំវិញករណីសំឡេង សម្ដេចផ្ញើរទៅកាន់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោកស្រី ឱ វណ្ណឌីន ប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ឱរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម កាលពីយប់ថ្ងៃទី២៧ មេសា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃទី៤ នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូន សារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូន ប្រជាជននៅតំបន់ក្រហម ដោយកម្លាំងកងទ័ព »។
សម្ដេចបញ្ជាក់ថា «មានបងប្អូនមួយចំនួនចាប់អារម្មណ៍ លើសម្លេងរបស់ខ្ញុំ ដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយ ក្នុងពេលដែលខ្ញុំធាក់កង់ ហាត់ប្រាណ។
សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយ នៅម្នាក់ឯងអត់ប្រពន្ធអត់កូន អត់ចៅ ដោយសារខ្លួន ខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រង ប្រទេសនៅដំណើការ
ធម្មតាមិនមានអ្វីរាំងស្ទះឡើយ »៕