ភ្នំពេញ ៖ លោក សាម អ៊ីន អ្នកនាំពាក្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានលើកឡើងថា ជំនឿលាងជម្រះ បាបក្នុងទន្លេគង្គ របស់ប្រទេសឥណ្ឌា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង មិនហ៊ានជំទាស់ ប្រជាជនខ្លួនឡើយ ព្រោះថា ទាក់ទាញប្រជាប្រិយភាព ពីមហាជន ទើបធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនលើសលុប ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក សាម អ៉ីន បានឲ្យដឹងថា នៅប្រ ទេសឥណ្ឌា មានការឆ្លងរាលដាលមេរោគកូវីដ-១៩ ជាង៣សែននាក់ ក្នុង១ថ្ងៃ ក្នុងមួយរយៈខ្លីចុងក្រោយនេះ ។ លោកថា ហេតុផលចម្បងមួយ ដែលបណ្តាលឱ្យមានការឆ្លងគំហុកបែបនេះ គឺការជួបជុំមនុស្សយ៉ាងច្រើនកកកុញ ក្នុងពិធីសាសនា ហិណ្ឌូ គឺការមុជទឹក ក្នុងទន្លេគង្គាលាង ជម្រះបាប។
លោក បានថ្លែងថា «ជំនឿបែបនេះជារឿងខុសឆ្គង តែគណបក្សកាន់អំណាច មិនអាចហាមឃាត់ ហើយគណបក្សប្រឆាំង ក៏មិនហ៊ានជំទាស់ ពីព្រោះជំនឿខុសឆ្គងនេះ ទាក់ទាញប្រជាប្រិយភាពពីមហាជនឥណ្ឌា ។ នេះជាបញ្ហាប្រឈមផ្នែក សតិសម្បជញ្ញៈដ៏ធំរបស់អ្នកដឹកនាំនៅក្នុងនយោបាយ ជាពិសេស នយោបាយ ក្នុងសង្គមប្រជាធិបតេយ្យ គឺការប្រឈម នឹងរឿងខុសឆ្គង ដែលទាក់ទាញប្រជាប្រិយភាព»។
លោក សាម អ៉ីន ក៏បានឱ្យដឹងទៀតថា នៅក្នុងនយោបាយកម្ពុជា ក៏មានរឿងខុសឆ្គងជាច្រើនដែរ ដែលទាក់ទាញប្រជា ប្រិយភាព ដូចជា ការបណ្តុះកំហឹងស្អប់យួន ការវាយប្រហារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាលក្ខណៈបុគ្គល ការបង្ករឿងតាមព្រំដែន ជាដើម។
លោក បានបន្ថែមថា មានអ្នកនយបាយ និង អ្នកវិភាគតិចតួចប៉ុណ្ណោះ ដែលហ៊ាននិយាយជំទាស់នឹងរឿងទាំងនេះ ពីព្រោះ មនុស្សភាគច្រើន តែងជ្រើសយកប្រជាប្រិយភាពពីមហាជន ជាងការគិតដល់សម្បជញ្ញៈខុសត្រូវ ។ ពិតប្រាកដហើយ មានអ្នកនយោបាយខ្មែរមុនៗ មួយចំនួន បានជ្រើសយកសម្បជញ្ញៈ ដោយមិនធ្វើរឿងខុសដែលទាក់ទាញប្រជាប្រិយភាព ហើយដោយបែបនេះ ក៏មិនមានឈ្មោះបោះសំឡេង និងជាមួយនេះ ប្រវត្តិសាស្ត្រក៏មិនបានកត់ត្រាទុក ៕